សាស្ដា 1:5-11 KHSV

5 ព្រះ‌អាទិត្យ​រះ​ឡើង រួច​លិច​ទៅ​វិញ ហើយ​ប្រញាប់​វិល​ត្រឡប់​ទៅ​កន្លែង​ដែល​ត្រូវ​រះ​សា​ជា​ថ្មី។

6 ខ្យល់​បក់​ទៅ​ទិស​ខាង​ត្បូង ទៅ​ទិស​ខាង​ជើង វិល​ទៅ​វិល​មក បក់​តាម​ទិស​របស់​ខ្លួន​វិញ។

7 ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ ហើយ​ទឹក​ទន្លេ​ក៏​វិល​ទៅ​ហូរ​តាម​ផ្លូវ​របស់​វា​វិញ​ដែរ។

8 អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ច្រំ‌ដែលៗ រហូត​ដល់​មនុស្ស​រក​ពាក្យ​មក​ថ្លែង​ពុំ​បាន។ ភ្នែក​សម្លឹង​មើល តែ​មិន​ចេះ​ស្កប់ ត្រចៀក​ត្រង‌ត្រាប់​ស្ដាប់ តែ​មិន​ចេះ​ធុញ‌ទ្រាន់។

9 ហេតុ‌ការណ៍​ដែល​ធ្លាប់​មាន​កាល​ពី​មុន ក៏​នឹង​មាន​នៅ​ពេល​ខាង​មុខ ការ​អ្វីៗ​ដែល​គេ​ធ្វើ​ពី​មុន គេ​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខ​ដែរ គឺ​នៅ​លើ​ផែនដី គ្មាន​ការ​អ្វី​ថ្មី​សោះ​ឡើយ។

10 ប្រសិន​បើ​គេ​ពោល​អំពី​ហេតុ‌ការណ៍​អ្វី​មួយ​ថា «នេះ​ជា​ហេតុ‌ការណ៍​ថ្មី» តោង​ដឹង​ថា​ហេតុ‌ការណ៍​នោះ​ធ្លាប់​កើត​មាន តាំង​ពី​បុរាណ​កាល​រួច​ស្រេច​ទៅ​ហើយ។

11 គ្មាន​នរណា​នឹក​ចាំ​ពី​អតីតកាល​ទេ ហើយ​ហេតុ‌ការណ៍​ដែល​នឹង​កើត​ឡើង​នៅ​អនាគត ក៏​មនុស្ស​ជំនាន់​ក្រោយ​មិន​នឹក​ចាំ​ដែរ។