សាស្ដា 10:12-18 KHSV

12 ពាក្យ​សម្ដី​របស់​អ្នក​ប្រាជ្ញ​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត តែ​ពាក្យ​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​បណ្ដាល​ឲ្យ​ខ្លួន​វិនាស។

13 មុន​ដំបូង​ពាក្យ​សម្ដី​របស់​គេ​គ្រាន់​តែ​ល្ងី‌ល្ងើ​ប៉ុណ្ណោះ លុះ​ដល់​ទី​បំផុត ក៏​ក្លាយ​ទៅ​ជា​ការ​លេលា​ដ៏​អាស្រូវ។

14 មនុស្ស​ល្ងី‌ល្ងើ​រមែង​និយាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ មនុស្ស​មិន​អាច​ស្គាល់​ពី​អ្វីៗ​ដែល​នឹង​កើត​មាន​ទេ ហើយ​ក៏​គ្មាន​នរណា​ប្រាប់​ឲ្យ​គេ​ដឹង​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ក្រោយ​ពេល​គេ​ស្លាប់​ដែរ។

15 កិច្ចការ​របស់​មនុស្ស​ល្ងី‌ល្ងើ​បណ្ដាល​ឲ្យ​ខ្លួន​ហត់‌នឿយ សូម្បី​តែ​ផ្លូវ​ចូល​ទៅ​កាន់​ទីក្រុង ក៏​គេ​រក​មិន​ឃើញ​ដែរ។

16 ស្រុក​ណា​មាន​កូន​ក្មេង​សោយ​រាជ្យ ហើយ​មាន​ពួក​មន្ត្រី​គិត​តែ​ពី​ស៊ី​ផឹក​តាំង​ពី​ព្រលឹម ស្រុក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន!

17 រីឯ​ស្រុក​ដែល​មាន​អ្នក​ត្រកូល​ខ្ពស់​សោយ​រាជ្យ ហើយ​មាន​មន្ត្រី​បរិភោគ​តាម​ពេល​កំណត់ គឺ​បរិភោគ​ឲ្យ​មាន​កម្លាំង មិន​មែន​ឲ្យ​ស្រវឹង​ទេ​នោះ ស្រុក​នោះ​ពិត​ជា​មាន​សុភមង្គល​ពុំ‌ខាន។

18 មនុស្ស​ខ្ជិល​ច្រអូស​មុខ​ជា​ត្រូវ​ដំបូល​ផ្ទះ​បាក់​សង្កត់​លើ ហើយ​មនុស្ស​ខ្ជីខ្ជា​ក៏​ត្រូវ​ភ្លៀង​លិច​ផ្ទះ​ដែរ។