សាស្ដា 12:5-11 KHSV

5 ពេល​នោះ អ្នក​នឹង​មិន​ហ៊ាន​ឡើង​ទៅ​កាន់​ទី​ខ្ពស់ៗ ហើយ​ក៏​មិន​ហ៊ាន​ធ្វើ​ដំណើរ​ដែរ។ សក់​របស់​អ្នក​នឹង​ស្កូវ​ដូច​ផ្កា​កប្បាស អ្នក​លែង​រហ័ស‌រហួន​ដូច​កណ្ដូប អ្នក​នឹង​លែង​ដឹង​រស‌ជាតិ​អាហារ​ទៀត​ហើយ។ មនុស្ស​លោក​ចេះ​តែ​ឈាន​ទៅ​រក​ទី​លំ‌នៅ​ដែល​ស្ថិត‌ស្ថេរ​រហូត។ ពួក​ស៊ី​ឈ្នួល​យំ​នឹង​ដើរ​ក្រឡឹង​ជុំ‌វិញ​ផ្ទះ​អ្នក រង់‌ចាំ​ពេល​អ្នក​ស្លាប់។

6 ពេល​នោះ ខ្សែ​ជីវិត​ត្រូវ​ដាច់​ដូច​ជា​ថូ​មាស​បែក ដូច​ក្អម​បែក​នៅ​ប្រភព​ទឹក ឬ​ដូច​រហាត់​យោង​ទឹក​បាក់​ធ្លាក់​ទៅ​ក្នុង​អណ្ដូង។

7 ពេល​នោះ រូប​កាយ​ដែល​ជា​ធូលី​ដី​នឹង​វិល​ទៅ​ជា​ដី​ដូច​ដើម​វិញ រីឯ​វិញ្ញាណ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ ក៏​នឹង​វិល​ទៅ​កាន់​ព្រះ‌អង្គ​វិញ​ដែរ។

8 សាស្ដា​បាន​ថ្លែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​គ្មាន​ន័យ​គ្មាន​ខ្លឹមសារ និង​ឥត​បាន​ការ។

9 សាស្ដា​មិន​ត្រឹម​តែ​ជា​អ្នក​ប្រាជ្ញ​ប៉ុណ្ណោះ​ទេ គឺ​លោក​ក៏​បាន​បង្រៀន​ប្រជា‌ជន​ឲ្យ​ចេះ​ដឹង​ដែរ លោក​បាន​ពិចារណា និង​ថ្លឹង​មើល​សេចក្ដី​ផ្សេងៗ រួច​ចង​ក្រង​ជា​សុភាសិត​យ៉ាង​ច្រើន។

10 សាស្ដា​ខិត‌ខំ​ស្វែង​រក​ពាក្យ‌ពេចន៍​ល្អៗ​មក​បរិយាយ ឥត​លំអៀង អំពី​សេចក្ដី​ផ្សេងៗ​ដែល​ត្រឹម​ត្រូវ។

11 ពាក្យ​ប្រៀន‌ប្រដៅ​របស់​អ្នក​ប្រាជ្ញ​ប្រៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​ចង​ក្រង​របស់​អ្នក​ប្រាជ្ញ ប្រៀប​ដូច​ជា​ដែក​គោល ដែល​គេ​បោះ​យ៉ាង​ជាប់។ ប្រាជ្ញា​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​គង្វាល​ដ៏​ពិត​ប្រាកដ​តែ​មួយ​គត់។