សាស្ដា 12:8-14 KHSV

8 សាស្ដា​បាន​ថ្លែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​គ្មាន​ន័យ​គ្មាន​ខ្លឹមសារ និង​ឥត​បាន​ការ។

9 សាស្ដា​មិន​ត្រឹម​តែ​ជា​អ្នក​ប្រាជ្ញ​ប៉ុណ្ណោះ​ទេ គឺ​លោក​ក៏​បាន​បង្រៀន​ប្រជា‌ជន​ឲ្យ​ចេះ​ដឹង​ដែរ លោក​បាន​ពិចារណា និង​ថ្លឹង​មើល​សេចក្ដី​ផ្សេងៗ រួច​ចង​ក្រង​ជា​សុភាសិត​យ៉ាង​ច្រើន។

10 សាស្ដា​ខិត‌ខំ​ស្វែង​រក​ពាក្យ‌ពេចន៍​ល្អៗ​មក​បរិយាយ ឥត​លំអៀង អំពី​សេចក្ដី​ផ្សេងៗ​ដែល​ត្រឹម​ត្រូវ។

11 ពាក្យ​ប្រៀន‌ប្រដៅ​របស់​អ្នក​ប្រាជ្ញ​ប្រៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​ចង​ក្រង​របស់​អ្នក​ប្រាជ្ញ ប្រៀប​ដូច​ជា​ដែក​គោល ដែល​គេ​បោះ​យ៉ាង​ជាប់។ ប្រាជ្ញា​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​គង្វាល​ដ៏​ពិត​ប្រាកដ​តែ​មួយ​គត់។

12 កូន​អើយ កុំ​បន្ថែម​អ្វី​ពី​លើ​ពាក្យ​ប្រៀន‌ប្រដៅ​នេះ​ឡើយ។ សៀវភៅ​ដែល​គេ​អាច​សរសេរ​បាន​មាន​ចំនួន​ច្រើន​ឥត​គណនា ហើយ​ការ​សិក្សា​ច្រើន​រមែង​ធ្វើ​ឲ្យ​រូប​កាយ​នឿយ‌ហត់។

13 អ្វីៗ​ទាំង​ប៉ុន្មាន​ដូច​មាន​បរិយាយ​ខាង​លើ យើង​អាច​ទាញ​ជា​សេចក្ដី​សន្និ‌ដ្ឋាន​ថា ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ នេះ​ហើយ​ជា​ការ​ដែល​មនុស្ស​គ្រប់ៗ​រូប​ត្រូវ​ធ្វើ។

14 ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ធ្វើ ទោះ​បី​ជា​អំពើ​ដែល​គេ​ធ្វើ​ដោយ​លាក់​កំបាំង ហើយ​ជា​ការ​ល្អ ឬ​អាក្រក់​ក្ដី។