12 ពេលនោះ ខ្ញុំបែរទៅពិចារណាមើលថា តើប្រាជ្ញា ភាពលេលា ឬការវង្វេងស្មារតី មានប្រយោជន៍អ្វី។ ខ្ញុំក៏ដណ្ដឹងសួរថា តើស្ដេចដែលគ្រងរាជ្យបន្តពីខ្ញុំ នឹងប្រព្រឹត្តអ្វីផ្សេងពីស្ដេចមុនៗដែរឬ?
13 ខ្ញុំក៏យល់ឃើញដូចតទៅ: ប្រាជ្ញាមានតម្លៃជាងការវង្វេងស្មារតី ដូចពន្លឺមានតម្លៃជាងភាពងងឹត។
14 មនុស្សមានប្រាជ្ញាដឹងថា ខ្លួនកំពុងធ្វើដំណើរទៅទីណា រីឯមនុស្សល្ងីល្ងើដើរនៅក្នុងភាពងងឹត។ ប៉ុន្តែ ខ្ញុំយល់ថា ចុងបញ្ចប់របស់អ្នកទាំងពីរមិនខុសគ្នាទេ។
15 ខ្ញុំនឹកក្នុងចិត្តថា: ចុងបញ្ចប់របស់ខ្ញុំក៏ដូចជាចុងបញ្ចប់របស់មនុស្សលេលាដែរ។ ដូច្នេះ បើខ្ញុំមានប្រាជ្ញាច្រើន តើបានប្រយោជន៍អ្វី? ខ្ញុំនឹកក្នុងចិត្តថា ត្រង់នេះក៏ឥតបានការដែរ
16 អ្នកប្រាជ្ញមិនខុសប្លែកពីមនុស្សលេលាទេ ដ្បិតគ្មាននរណានឹកនាដល់គេ រហូតអស់កល្បជានិច្ចឡើយ។ ពេលវេលាចេះតែកន្លងផុតទៅ ហើយមនុស្សក៏ភ្លេចអ្វីៗទាំងអស់ដែរ។ អ្នកប្រាជ្ញនឹងស្លាប់ដូចមនុស្សលេលា។
17 ហេតុនេះហើយបានជាខ្ញុំមិនចូលចិត្តជីវិតទេ ហើយខ្ញុំយល់ឃើញថា អ្វីៗដែលមនុស្សធ្វើនៅលើផែនដីសុទ្ធតែអាក្រក់ ព្រោះអ្វីៗទាំងអស់សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។
18 ខ្ញុំមិនចូលចិត្តការនឿយហត់ទាំងប៉ុន្មាន ដែលខ្ញុំខំធ្វើនៅលើផែនដីឡើយ ដ្បិតខ្ញុំត្រូវទុកទាំងអស់សម្រាប់ស្ដេច ដែលគ្រងរាជ្យបន្តពីខ្ញុំ។