សាស្ដា 3:11-17 KHSV

11 អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើ​សុទ្ធ​តែ​ល្អ​ស្អាត តាម​ពេល​របស់​វា។ ទោះ​បី​មនុស្ស​ពុំ​អាច​យល់​ពី​ស្នា​ព្រះ‌ហស្ដ ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ ចាប់​ពី​ដើម​រហូត​ដល់​ចុង​បញ្ចប់​ក្ដី ក៏​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​ចេះ​គិត​អំពី​ពេល​វេលា ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ដែរ។

12 ខ្ញុំ​យល់​ឃើញ​ថា គ្មាន​ការ​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​ការ​សប្បាយ និង​មាន​សេចក្ដី​សុខ ក្នុង​ពេល​ដែល​ខ្លួន​នៅ​មាន​ជីវិត​នោះ​ឡើយ។

13 ការ​ស៊ី​ផឹក និង​ការ​មាន​អំណរ​សប្បាយ​ចំពោះ​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ​នោះ គឺ​ជា​អំណោយ​ទាន​ដែល​ព្រះ‌ជាម្ចាស់​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។

14 ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​រមែង​នៅ​ស្ថិត‌ស្ថេរ​រហូត ហើយ​មិន​ត្រូវ​ការ​បន្ថែម ឬ​បន្ថយ​ទេ។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​យើង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។

15 អ្វីៗ​ដែល​មាន​នៅ​បច្ចុប្បន្ន​កាល​នេះ ពី​អតីត​កាល​ក៏​ធ្លាប់​មាន​ដែរ ហើយ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត​កាល សុទ្ធ​តែ​មាន​រួច​ស្រេច​មក​ហើយ។ អ្វីៗ​ដែល​កន្លង​ហួស​ទៅ​ហើយ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​កើត​មាន​សា​ជា​ថ្មី។

16 នៅ​លើ​ផែនដី​នេះ ខ្ញុំ​ក៏​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​ទៀត គឺ​កន្លែង​ដែល​ត្រូវ​មាន​យុត្តិធម៌ បែរ​ជា​មាន​អំពើ​អាក្រក់ ហើយ​កន្លែង​ដែល​ត្រូវ​មាន​អំពើ​សុចរិត ក៏​មាន​អំពើ​អាក្រក់​ដែរ។

17 ខ្ញុំ​បាន​រិះគិត​ក្នុង​ចិត្ត​ថា: ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​មនុស្ស​សុចរិត ព្រម​ទាំង​មនុស្ស​អាក្រក់ ដ្បិត​មាន​ពេល​កំណត់​សម្រាប់​អ្វីៗ​ទាំង​អស់ ហើយ​ក៏​មាន​ពេល​វិនិច្ឆ័យ​គ្រប់​អំពើ​ដែល​មនុស្ស​ប្រព្រឹត្ត​ដែរ។