សាស្ដា 3:13-19 KHSV

13 ការ​ស៊ី​ផឹក និង​ការ​មាន​អំណរ​សប្បាយ​ចំពោះ​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ​នោះ គឺ​ជា​អំណោយ​ទាន​ដែល​ព្រះ‌ជាម្ចាស់​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។

14 ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​រមែង​នៅ​ស្ថិត‌ស្ថេរ​រហូត ហើយ​មិន​ត្រូវ​ការ​បន្ថែម ឬ​បន្ថយ​ទេ។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​យើង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។

15 អ្វីៗ​ដែល​មាន​នៅ​បច្ចុប្បន្ន​កាល​នេះ ពី​អតីត​កាល​ក៏​ធ្លាប់​មាន​ដែរ ហើយ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត​កាល សុទ្ធ​តែ​មាន​រួច​ស្រេច​មក​ហើយ។ អ្វីៗ​ដែល​កន្លង​ហួស​ទៅ​ហើយ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​កើត​មាន​សា​ជា​ថ្មី។

16 នៅ​លើ​ផែនដី​នេះ ខ្ញុំ​ក៏​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​ទៀត គឺ​កន្លែង​ដែល​ត្រូវ​មាន​យុត្តិធម៌ បែរ​ជា​មាន​អំពើ​អាក្រក់ ហើយ​កន្លែង​ដែល​ត្រូវ​មាន​អំពើ​សុចរិត ក៏​មាន​អំពើ​អាក្រក់​ដែរ។

17 ខ្ញុំ​បាន​រិះគិត​ក្នុង​ចិត្ត​ថា: ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​មនុស្ស​សុចរិត ព្រម​ទាំង​មនុស្ស​អាក្រក់ ដ្បិត​មាន​ពេល​កំណត់​សម្រាប់​អ្វីៗ​ទាំង​អស់ ហើយ​ក៏​មាន​ពេល​វិនិច្ឆ័យ​គ្រប់​អំពើ​ដែល​មនុស្ស​ប្រព្រឹត្ត​ដែរ។

18 ខ្ញុំ​រិះគិត​អំពី​មនុស្ស​លោក គឺ​ព្រះ‌ជាម្ចាស់​នឹង​ល្បង‌ល​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​យល់​ដោយ​ខ្លួន​ឯង​ថា ពួក​គេ​មិន​ខុស​ពី​សត្វ​ឡើយ

19 ដ្បិត​ចុង​បញ្ចប់​របស់​មនុស្ស និង​ចុង​បញ្ចប់​របស់​សត្វ មិន​ខុស​គ្នា​ទេ។ ទាំង​មនុស្ស ទាំង​សត្វ មាន​ដង្ហើម​ដូច​គ្នា ហើយ​គេ​ក៏​ស្លាប់​ដូច​គ្នា​ដែរ។ មនុស្ស​លោក​គ្មាន​អ្វី​ប្រសើរ​ជាង​សត្វ​ទេ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ។