17 ខ្ញុំបានរិះគិតក្នុងចិត្តថា: ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សសុចរិត ព្រមទាំងមនុស្សអាក្រក់ ដ្បិតមានពេលកំណត់សម្រាប់អ្វីៗទាំងអស់ ហើយក៏មានពេលវិនិច្ឆ័យគ្រប់អំពើដែលមនុស្សប្រព្រឹត្តដែរ។
18 ខ្ញុំរិះគិតអំពីមនុស្សលោក គឺព្រះជាម្ចាស់នឹងល្បងលពួកគេ ដើម្បីឲ្យពួកគេយល់ដោយខ្លួនឯងថា ពួកគេមិនខុសពីសត្វឡើយ
19 ដ្បិតចុងបញ្ចប់របស់មនុស្ស និងចុងបញ្ចប់របស់សត្វ មិនខុសគ្នាទេ។ ទាំងមនុស្ស ទាំងសត្វ មានដង្ហើមដូចគ្នា ហើយគេក៏ស្លាប់ដូចគ្នាដែរ។ មនុស្សលោកគ្មានអ្វីប្រសើរជាងសត្វទេ ដ្បិតអ្វីៗទាំងអស់សុទ្ធតែឥតបានការ។
20 សត្វលោកទាំងអស់បោះជំហានទៅរកទិសដៅតែមួយ។ សត្វលោកទាំងអស់កើតមកពីធូលីដី ហើយត្រឡប់ទៅជាធូលីដីវិញ។
21 តើនរណាអាចអះអាងថា វិញ្ញាណក្ខ័ន្ធរបស់មនុស្សឡើងទៅលើមេឃ ហើយវិញ្ញាណរបស់សត្វចុះទៅក្រោមដី?
22 ដូច្នេះ ខ្ញុំយល់ឃើញថា គ្មានអ្វីប្រសើរសម្រាប់មនុស្ស ក្រៅពីសប្បាយរីករាយ ចំពោះកិច្ចការដែលខ្លួនធ្វើនោះទេ ព្រោះជារង្វាន់មួយសម្រាប់គេ។ គ្មាននរណាម្នាក់អាចនាំគេឲ្យមកមើលហេតុការណ៍ ដែលនឹងកើតមាន ក្រោយពេលដែលខ្លួនស្លាប់ផុតទៅហើយនោះឡើយ។