សាស្ដា 4:8-14 KHSV

8 គឺ​មនុស្ស​រស់​នៅ​កណ្ដោច‌កណ្ដែង​តែ​ម្នាក់​ឯង គ្មាន​កូន គ្មាន​បង‌ប្អូន តែ​អ្នក​នោះ​ធ្វើ​ការ​មិន​ចេះ​ឈប់ ចង់​បាន​ទ្រព្យ មិន​ចេះ​ស្កប់​ចិត្ត។ តើ​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​សម្រាប់​នរណា បាន​ជា​បង្អត់​ខ្លួន​ឯង​មិន​ឲ្យ​មាន​សុភមង្គល​ដូច្នេះ? ត្រង់​នេះ​ទៀត​ក៏​សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ជា​ការ​ខ្វល់​ខ្វាយ​ឥត​អំពើ។

9 មនុស្ស​ពីរ​នាក់​ប្រសើរ​ជាង​មនុស្ស​តែ​ម្នាក់ ដ្បិត​កិច្ចការ​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​រួម​គ្នា រមែង​បាន​ទទួល​ផល​ច្រើន​ជាង។

10 ប្រសិន​បើ​ម្នាក់​ដួល ម្នាក់​ទៀត​ជួយ​លើក។ រីឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង មុខ​ជា​វេទនា​ពុំ‌ខាន ព្រោះ​ពេល​គេ​ដួល គ្មាន​នរណា​ជួយ​លើក​ទេ!

11 មួយ​វិញ​ទៀត បើ​មនុស្ស​ពីរ​នាក់​ដេក​ជា​មួយ​គ្នា នោះ​គេ​បាន​កក់​ក្ដៅ។ ចំណែក​ឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង​វិញ ធ្វើ​ម្ដេច​ឲ្យ​កក់​ក្ដៅ​កើត?

12 មនុស្ស​ម្នាក់​អាច​វាយ​មនុស្ស​ម្នាក់​ទៀត​ឈ្នះ តែ​បើ​មាន​ពីរ​នាក់​ព្រួត​គ្នា អ្នក​នោះ​ពុំ​អាច​ឈ្នះ​បាន​ឡើយ។ ពួរ​ដែល​វេញ​ដោយ​ខ្សែ​បី​សសៃ មិន​ងាយ​ដាច់​ទេ។

13 ក្មេង​ប្រុស​ម្នាក់​ក្រីក្រ តែ​មាន​ប្រាជ្ញា នោះ​ប្រសើរ​ជាង​ស្ដេច​មួយ​អង្គ​ដែល​មាន​វ័យ​ចាស់​ជរា ហើយ​ល្ងី‌ល្ងើ មិន​ព្រម​ទទួល​យោបល់​ពី​អ្នក​ដទៃ។

14 ក្មេង​ប្រុស​នោះ​អាច​ចេញ​ពី​ទី​ឃុំ‌ឃាំង ឡើង​គ្រង​រាជ្យ​បាន ទោះ​បី​គេ​កើត​មក​ជា​អ្នក​ក្រ​ក្នុង​នគរ​របស់​ខ្លួន​ក្ដី។