14 អ្នកនោះបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការអាក្រក់ណាមួយ ពេលកូនកើតមក នោះគ្មានអ្វីទុកឲ្យកូនឡើយ។
15 អ្នកនោះកើតពីផ្ទៃម្ដាយមកខ្លួនទទេយ៉ាងណា ក៏វិលត្រឡប់ទៅវិញខ្លួនទទេយ៉ាងនោះដែរ។ គេនឹងលាចាកលោកនេះទៅដោយដៃទទេ គឺមិនអាចយកទ្រព្យដែលខ្លួនខំប្រឹងប្រែងរកនោះទៅជាមួយបានឡើយ។
16 ត្រង់នេះគឺជាការមួយទៀតគួរឲ្យបារម្ភ គេកើតមកផែនដីយ៉ាងណា គេក៏វិលត្រឡប់ទៅវិញយ៉ាងនោះដែរ។ អ្វីៗដែលគេប្រឹងប្រែងធ្វើឥតបានផលប្រយោជន៍អ្វីឡើយ ដូចដេញចាប់ខ្យល់។
17 មិនតែប៉ុណ្ណោះសោតគេរស់នៅ ក្នុងភាពអាប់អួរជារៀងរាល់ថ្ងៃ ព្រមទាំងកើតទុក្ខកង្វល់វេទនា និងក្ដៅក្រហាយផង។
18 ខ្ញុំយល់ឃើញដូចតទៅនេះ: ក្នុងពេលដែលព្រះជាម្ចាស់ប្រទានឲ្យមនុស្សនៅមានជីវិតដ៏ខ្លីនេះ គេត្រូវតែស៊ីផឹក ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើនៅលើផែនដី។ នេះហើយជាអំណោយទានដែលព្រះជាម្ចាស់ប្រទានឲ្យ។
19 អ្នកណាដែលព្រះជាម្ចាស់ប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងប្រោសប្រទានឲ្យមានលទ្ធភាពប្រើប្រាស់ទ្រព្យធន ដែលជាចំណែករបស់ខ្លួន ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើ អ្នកនោះត្រូវគិតថា នេះហើយជាអំណោយទានរបស់ព្រះជាម្ចាស់។
20 ពេលនោះ គេនឹងមិននឹកនាពីអាយុជីវិតដ៏ខ្លីរបស់គេទេ ដ្បិតព្រះជាម្ចាស់ប្រទានឲ្យចិត្តគេមានអំណរសប្បាយ។