សាស្ដា 5:15-20 KHSV

15 អ្នក​នោះ​កើត​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ​យ៉ាង​ណា ក៏​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​យ៉ាង​នោះ​ដែរ។ គេ​នឹង​លា​ចាក​លោក​នេះ​ទៅ​ដោយ​ដៃ​ទទេ គឺ​មិន​អាច​យក​ទ្រព្យ​ដែល​ខ្លួន​ខំ​ប្រឹង‌ប្រែង​រក​នោះ​ទៅ​ជា​មួយ​បាន​ឡើយ។

16 ត្រង់​នេះ​គឺ​ជា​ការ​មួយ​ទៀត​គួរ​ឲ្យ​បារម្ភ គេ​កើត​មក​ផែនដី​យ៉ាង​ណា គេ​ក៏​វិល​ត្រឡប់​ទៅ​វិញ​យ៉ាង​នោះ​ដែរ។ អ្វីៗ​ដែល​គេ​ប្រឹង‌ប្រែង​ធ្វើ​ឥត​បាន​ផល​ប្រយោជន៍​អ្វី​ឡើយ ដូច​ដេញ​ចាប់​ខ្យល់។

17 មិន​តែ​ប៉ុណ្ណោះ​សោត​គេ​រស់​នៅ ក្នុង​ភាព​អាប់‌អួរ​ជា​រៀង​រាល់​ថ្ងៃ ព្រម​ទាំង​កើត​ទុក្ខ​កង្វល់​វេទនា និង​ក្ដៅ​ក្រហាយ​ផង។

18 ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ​នេះ: ក្នុង​ពេល​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​មនុស្ស​នៅ​មាន​ជីវិត​ដ៏​ខ្លី​នេះ គេ​ត្រូវ​តែ​ស៊ី​ផឹក ហើយ​ទាញ​ផល​ប្រយោជន៍​ពី​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹង‌ប្រែង​ធ្វើ​នៅ​លើ​ផែនដី។ នេះ​ហើយ​ជា​អំណោយ​ទាន​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ។

19 អ្នក​ណា​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ និង​ធន‌ធាន ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​មាន​លទ្ធ‌ភាព​ប្រើ‌ប្រាស់​ទ្រព្យ‌ធន ដែល​ជា​ចំណែក​របស់​ខ្លួន ហើយ​ទាញ​ផល​ប្រយោជន៍​ពី​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹង‌ប្រែង​ធ្វើ អ្នក​នោះ​ត្រូវ​គិត​ថា នេះ​ហើយ​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់។

20 ពេល​នោះ គេ​នឹង​មិន​នឹក​នា​ពី​អាយុ​ជីវិត​ដ៏​ខ្លី​របស់​គេ​ទេ ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ចិត្ត​គេ​មាន​អំណរ​សប្បាយ។