5 បើអ្នកមិនបន់ នោះប្រសើរជាងបន់ តែមិនធ្វើតាមពាក្យដែលខ្លួនបានបន់។
6 កុំបណ្តោយឲ្យមាត់របស់អ្នក នាំខ្លួនអ្នកទាំងមូលឲ្យមានទោស ហើយដោះសាជាមួយបូជាចារ្យ*ថាអ្នកបានបន់ដោយច្រឡំឡើយ។ ធ្វើដូច្នេះ ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ព្រោះតែពាក្យសម្ដីរបស់អ្នក ហើយព្រះអង្គរំលាយកិច្ចការដែលអ្នកបានធ្វើ។
7 ការយល់សប្ដិច្រើនសុទ្ធតែឥតបានការយ៉ាងណា ពោលពាក្យសម្ដីច្រើនក៏ឥតបានការយ៉ាងនោះដែរ។ ហេតុនេះ ចូរគោរពកោតខ្លាចព្រះជាម្ចាស់។
8 ប្រសិនបើអ្នកឃើញគេជិះជាន់ប្រជាជនក្រីក្រនៅក្នុងស្រុក ឬក៏ឃើញគេរំលោភច្បាប់ និងបំពានលើយុត្តិធម៌ មិនត្រូវងឿងឆ្ងល់ឡើយ។ អ្នកធំតែងតែគាំទ្រអ្នកធំដូចគ្នា ហើយមានអ្នកធំផ្សេងទៀតត្រួតពីលើអ្នកទាំងពីរ។
9 ភោគផលដែលកើតចេញពីដី ផ្ដល់អាហារដល់មនុស្សទាំងអស់ សូម្បីតែស្ដេចក៏ទទួលស្បៀងអាហារពីស្រែចម្ការដែរ។
10 អ្នកស្រឡាញ់ប្រាក់ពុំដែលស្កប់ចិត្តនឹងប្រាក់ទេ រីឯអ្នកស្រឡាញ់ទ្រព្យសម្បត្តិ ក៏មិនអាចទាញផលប្រយោជន៍អ្វីពីទ្រព្យសម្បត្តិរបស់ខ្លួនបានដែរ។ ត្រង់នេះក៏នៅតែឥតបានការ។
11 ទ្រព្យសម្បត្តិកើនចំនួនច្រើនឡើងប៉ុណ្ណា មនុស្សដែលដេកស៊ីទ្រព្យសម្បត្តិនោះ ក៏កើនចំនួនច្រើនឡើងប៉ុណ្ណោះដែរ។ ម្ចាស់ទ្រព្យនឹងមិនទទួលផលប្រយោជន៍អ្វីពីទ្រព្យរបស់ខ្លួន ក្រៅពីឃើញទ្រព្យនោះផ្ទាល់នឹងភ្នែកឡើយ។