សាស្ដា 5:7-13 KHSV

7 ការ​យល់‌សប្ដិ​ច្រើន​សុទ្ធ​តែ​ឥត​បាន​ការ​យ៉ាង​ណា ពោល​ពាក្យ​សម្ដី​ច្រើន​ក៏​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ។ ហេតុ​នេះ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។

8 ប្រសិន​បើ​អ្នក​ឃើញ​គេ​ជិះ‌ជាន់​ប្រជា‌ជន​ក្រីក្រ​នៅ​ក្នុង​ស្រុក ឬ​ក៏​ឃើញ​គេ​រំលោភ​ច្បាប់ និង​បំពាន​លើ​យុត្តិធម៌ មិន​ត្រូវ​ងឿង‌ឆ្ងល់​ឡើយ។ អ្នក​ធំ​តែងតែ​គាំទ្រ​អ្នក​ធំ​ដូច​គ្នា ហើយ​មាន​អ្នក​ធំ​ផ្សេង​ទៀត​ត្រួត​ពី​លើ​អ្នក​ទាំង​ពីរ។

9 ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ផ្ដល់​អាហារ​ដល់​មនុស្ស​ទាំង​អស់ សូម្បី​តែ​ស្ដេច​ក៏​ទទួល​ស្បៀង​អាហារ​ពី​ស្រែ​ចម្ការ​ដែរ។

10 អ្នក​ស្រឡាញ់​ប្រាក់​ពុំ​ដែល​ស្កប់​ចិត្ត​នឹង​ប្រាក់​ទេ រីឯ​អ្នក​ស្រឡាញ់​ទ្រព្យ​សម្បត្តិ ក៏​មិន​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​បាន​ដែរ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ។

11 ទ្រព្យ​សម្បត្តិ​កើន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណា មនុស្ស​ដែល​ដេក​ស៊ី​ទ្រព្យ​សម្បត្តិ​នោះ ក៏​កើន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណោះ​ដែរ។ ម្ចាស់​ទ្រព្យ​នឹង​មិន​ទទួល​ផល​ប្រយោជន៍​អ្វី​ពី​ទ្រព្យ​របស់​ខ្លួន ក្រៅ​ពី​ឃើញ​ទ្រព្យ​នោះ​ផ្ទាល់​នឹង​ភ្នែក​ឡើយ។

12 អ្នក​ដែល​ធ្វើ​ការ​នឿយ‌ហត់ រមែង​ដេក​លក់​ស្រួល ទោះ​បី​គេ​មាន​អាហារ​បរិភោគ​តិច ឬ​ច្រើន​ក្ដី រីឯ​អ្នក​មាន​វិញ ទោះ​បី​គេ​មាន​អាហារ​បរិភោគ​ច្រើន​យ៉ាង​ណា ក៏​ដេក​មិន​លក់​ដែរ។

13 ខ្ញុំ​សង្កេត​ឃើញ​ការ​មួយ​ទៀត​គួរ​ឲ្យ​បារម្ភ​នៅ​លើ​ផែនដី គឺ​មនុស្ស​សន្សំ​ទ្រព្យ​ទុក​សម្រាប់​ឲ្យ​ខ្លួន​ឯង​វេទនា។