សាស្ដា 6:1-7 KHSV

1 ខ្ញុំ​សង្កេត​ឃើញ​ការ​វេទនា​មួយ​ទៀត ដែល​រមែង​កើត​មាន​ដល់​មនុស្ស​លោក​នៅ​លើ​ផែនដី។

2 ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ ធន‌ធាន និង​កិត្តិយស។ គេ​មិន​ខ្វះ​អ្វី​ឡើយ គឺ​គេ​ទទួល​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ពុំ​បាន​ទុក​ឲ្យ​គេ​ទាញ​ផល​ប្រយោជន៍​ពី​អ្វីៗ​ដែល​គេ​មាន​នោះ​ឡើយ គឺ​មាន​ម្នាក់​ទៀត​ទទួល​ជំនួស។ ត្រង់​នេះ ក៏​ឥត​បាន​ការ ហើយ​អាក្រក់​បំផុត។

3 ឧបមា​ថា​បុរស​ម្នាក់​មាន​កូន​ប្រុស​មួយ​រយ និង​មាន​អាយុ​យឺន‌យូរ ទោះ​បី​គាត់​មាន​អាយុ​វែង​ក៏​ដោយ ប្រសិន​បើ​គាត់​មិន​ដែល​មាន​សុភមង្គល ហើយ​គ្មាន​នរណា​បញ្ចុះ​សព​គាត់​ទេ​នោះ ខ្ញុំ​យល់​ថា កូន​រលូត​ប្រសើរ​ជាង​គាត់​ឆ្ងាយ​ណាស់។

4 កូន​រលូត​នោះ​កកើត​មក ដោយ​ឥត​បាន​ការ ហើយ​បាត់​សូន្យ​ទៅ​វិញ ក្នុង​ទី​ងងឹត គ្មាន​នរណា​នឹក​នា​ដល់​វា​ទេ។

5 វា​មិន​ដែល​បាន​ឃើញ ក៏​មិន​ដែល​ស្គាល់​ពន្លឺ​ព្រះ‌អាទិត្យ​ដែរ ប៉ុន្តែ វា​បាន​សុខ​ជាង​អ្នក​មាន​អាយុ​វែង​ទៅ​ទៀត។

6 ប្រសិន​បើ​មនុស្ស​មិន​ជួប​នឹង​សុភមង្គល​ទេ ទោះ​បី​គេ​រស់​បាន​ពីរ​ពាន់​ឆ្នាំ​ក្ដី ក៏​ឥត​បាន​ការ​អ្វី​ដែរ ព្រោះ​មនុស្ស​ទាំង​អស់​ឈាន​ទៅ​រក​ចុង​បញ្ចប់​ដូច​គ្នា។

7 កិច្ចការ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ បាន​ត្រឹម​តែ​ចំអែត​ក្រពះ​ប៉ុណ្ណោះ តែ​ពុំ​អាច​ធ្វើ​ឲ្យ​គេ​ស្កប់​ចិត្ត​ឡើយ។