សាស្ដា 6:6-12 KHSV

6 ប្រសិន​បើ​មនុស្ស​មិន​ជួប​នឹង​សុភមង្គល​ទេ ទោះ​បី​គេ​រស់​បាន​ពីរ​ពាន់​ឆ្នាំ​ក្ដី ក៏​ឥត​បាន​ការ​អ្វី​ដែរ ព្រោះ​មនុស្ស​ទាំង​អស់​ឈាន​ទៅ​រក​ចុង​បញ្ចប់​ដូច​គ្នា។

7 កិច្ចការ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ បាន​ត្រឹម​តែ​ចំអែត​ក្រពះ​ប៉ុណ្ណោះ តែ​ពុំ​អាច​ធ្វើ​ឲ្យ​គេ​ស្កប់​ចិត្ត​ឡើយ។

8 តើ​មនុស្ស​មាន​ប្រាជ្ញា​ទទួល​បាន​អ្វី​លើស​មនុស្ស​លេលា? រីឯ​អ្នក​ក្រ​ដែល​ខំ​តស៊ូ​ក្នុង​ជីវិត​នោះ តើ​បាន​ប្រយោជន៍​អ្វី​ដែរ?

9 អ្វីៗ​ដែល​យើង​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក នោះ​ប្រសើរ​ជាង​ចិត្ត​ស្រមើ‌ស្រមៃ។ សូម្បី​តែ​ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។

10 អ្វីៗ​ដែល​មាន​នៅ​ក្នុង​លោក​នេះ សុទ្ធ​តែ​មាន​ឈ្មោះ​របស់​ខ្លួន​ស្រេច​ទៅ​ហើយ ហើយ​យើង​ក៏​ដឹង​ថា អ្វី​ទៅ​ដែល​ហៅ​ថា​មនុស្ស។ មនុស្ស​ពុំ​អាច​ជជែក​តវ៉ា​នឹង​អ្នក​ដែល​ខ្លាំង​ពូកែ​ជាង​ខ្លួន​ឡើយ។

11 យើង​និយាយ​កាន់​តែ​ច្រើន​យ៉ាង​ណា ពាក្យ​សម្ដី​របស់​យើង​រឹត​តែ​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ ហើយ​យើង​ពុំ​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​បាន​ឡើយ។

12 ជីវិត​របស់​មនុស្ស​ប្រៀប​បាន​នឹង​ស្រមោល។ គ្មាន​នរណា​អាច​ដឹង​ថា ខ្លួន​ត្រូវ​ធ្វើ​ការ​អ្វី​ដែល​ប្រសើរ​ជាង​គេ នៅ​ពេល​ដែល​ខ្លួន​រស់​នៅ​ក្នុង​ជីវិត​ដ៏​ខ្លី ហើយ​ឥត​ន័យ​នេះ​ឡើយ។ គ្មាន​នរណា​អាច​ថ្លែង​ប្រាប់​មនុស្ស​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន នៅ​លើ​ផែនដី ក្រោយ​ពេល​គេ​ស្លាប់​ផុត​ទៅ​ហើយ​នោះ​ដែរ។