សាស្ដា 7:10-16 KHSV

10 មិន​ត្រូវ​ពោល​ថា «ហេតុ​អ្វី​បាន​សម័យ​បុរាណ​ប្រសើរ​ជាង​សព្វ​ថ្ងៃ?» ដ្បិត​សំណួរ​បែប​នេះ​មិន​មែន​មក​ពី​ប្រាជ្ញា​ទេ។

11 ប្រាជ្ញា​មាន​តម្លៃ​ដូច​កេរ‌មត៌ក ហើយ​តែងតែ​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។

12 ស្ថិត​នៅ​ក្រោម​ម្លប់​ប្រាជ្ញា​ក៏​ដូច​ជា​ស្ថិត​នៅ​ក្រោម​ម្លប់​របស់​ប្រាក់​ដែរ។ គុណ​ប្រយោជន៍​នៃ​ចំណេះ​ដឹង​មាន​ដូច​ត​ទៅ: ប្រាជ្ញា​តែងតែ​ផ្ដល់​អាយុ​យឺន‌យូរ​ដល់​អ្នក​ដែល​មាន​ប្រាជ្ញា។

13 ចូរ​សង្កេត​មើល​កិច្ចការ​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ។ អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​កោង នោះ​គ្មាន​នរណា​អាច​ពត់​ឲ្យ​ត្រង់​បាន​ឡើយ។

14 នៅ​ថ្ងៃ​មាន​សុភមង្គល ចូរ​សប្បាយ​រីក‌រាយ ហើយ​នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនា ចូរ​រិះគិត​ពិចារណា។ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​មាន​សុភមង្គល និង​ទុក្ខ​វេទនា ដើម្បី​កុំ​ឲ្យ​មនុស្ស​ដឹង​ថា អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា។

15 ក្នុង​ជីវិត​ដ៏​ឥត​ន័យ​របស់​ខ្ញុំ​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ហេតុ‌ការណ៍​គ្រប់​យ៉ាង។ ខ្ញុំ​ឃើញ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត ព្រោះ​តែ​អំពើ​សុចរិត ហើយ​មនុស្ស​ទុច្ចរិត​មាន​អាយុ​វែង​ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​ខ្លួន។

16 កុំ​សុចរិត​ជ្រុល​ពេក ហើយ​ក៏​កុំ​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា​ជ្រុល​ពេក​ដែរ ក្រែង​នាំ​ឲ្យ​ខ្លួន​វិនាស។