13 ចូរសង្កេតមើលកិច្ចការដែលព្រះជាម្ចាស់ធ្វើ។ អ្វីៗដែលព្រះអង្គធ្វើឲ្យកោង នោះគ្មាននរណាអាចពត់ឲ្យត្រង់បានឡើយ។
14 នៅថ្ងៃមានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ ព្រះជាម្ចាស់ធ្វើឲ្យមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំឲ្យមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។
15 ក្នុងជីវិតដ៏ឥតន័យរបស់ខ្ញុំនេះ ខ្ញុំបានសង្កេតឃើញហេតុការណ៍គ្រប់យ៉ាង។ ខ្ញុំឃើញមនុស្សសុចរិតបាត់បង់ជីវិត ព្រោះតែអំពើសុចរិត ហើយមនុស្សទុច្ចរិតមានអាយុវែងដោយសារអំពើទុច្ចរិតរបស់ខ្លួន។
16 កុំសុចរិតជ្រុលពេក ហើយក៏កុំបង្ហាញថាខ្លួនមានប្រាជ្ញាជ្រុលពេកដែរ ក្រែងនាំឲ្យខ្លួនវិនាស។
17 កុំបណ្ដោយខ្លួនឲ្យអាក្រក់ហួសហេតុ ហើយក៏កុំលេលាឲ្យសោះ ក្រែងនាំឲ្យខ្លួនអាយុខ្លី។
18 ត្រូវតែទទួលយកយោបល់ទាំងពីរនេះ ដ្បិតអ្នកដែលកោតខ្លាចព្រះជាម្ចាស់ នៅពេលស្ថានភាពទាំងពីរកើតមាន គេតែងតែមានច្រកចេញជានិច្ច។
19 ប្រាជ្ញារមែងធ្វើឲ្យអ្នកប្រាជ្ញមានកម្លាំង ជាងអភិបាលដប់នាក់នៅក្នុងក្រុងមួយទៅទៀត។