20 នៅលើផែនដីនេះ គ្មានមនុស្សណាម្នាក់សុចរិតធ្វើតែអំពើល្អ ហើយមិនប្រព្រឹត្តអំពើបាបនោះឡើយ។
21 ហេតុនេះ កុំយកចិត្តទុកដាក់ស្ដាប់ពាក្យសម្ដីទាំងប៉ុន្មាន ដែលមនុស្សម្នានិយាយឡើយ បើមិនដូច្នោះទេ ក្រែងលោអ្នកឮខ្ញុំបម្រើរបស់អ្នកនិយាយអាក្រក់ពីអ្នក។
22 អ្នកដឹងខ្លួនស្រាប់ហើយថា អ្នកក៏ធ្លាប់និយាយអាក្រក់ពីអ្នកដទៃ ជាច្រើនលើកច្រើនសាដែរ។
23 ខ្ញុំពិនិត្យពិច័យមើលហេតុការណ៍ទាំងនេះដោយប្រើប្រាជ្ញា ហើយខ្ញុំគិតថា ខ្ញុំនឹងមានប្រាជ្ញា តែប្រាជ្ញាស្ថិតនៅឆ្ងាយពីខ្ញុំនៅឡើយ។
24 អ្វីៗដែលមានសព្វថ្ងៃហាក់ដូចជានៅឆ្ងាយ ហើយជ្រៅបំផុត គ្មាននរណាអាចយល់បានទេ។
25 ខ្ញុំយកចិត្តទុកដាក់ស្វែងយល់ ខិតខំពិចារណា ព្រមទាំងស្វែងរកប្រាជ្ញា និងវិចារណញ្ញាណ។ ខ្ញុំក៏យល់ថាអំពើអាក្រក់ជាការឆោតល្ងង់ ហើយភាពល្ងីល្ងើជាការលេលាបំផុត។
26 ខ្ញុំបានឃើញទៀតថា ស្ត្រីៗជាអន្ទាក់ដែលនាំឲ្យខ្លោចផ្សាជាងសេចក្ដីស្លាប់ទៅទៀត។ សេចក្ដីស្រឡាញ់របស់នាងប្រៀបដូចជាសំណាញ់ ហើយដៃរបស់នាងប្រៀបដូចជាចំណង។ អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់រមែងគេចផុតពីនាង រីឯអ្នកមានបាបតែងតែធ្លាក់ក្នុងកណ្ដាប់ដៃរបស់នាង។