សាស្ដា 8:7-13 KHSV

7 មនុស្ស​ពុំ​អាច​ដឹង​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល​បាន​ឡើយ គ្មាន​នរណា​ម្នាក់​ប្រាប់​ឲ្យ​គេ​ដឹង​ទេ។

8 មនុស្ស​គ្មាន​អំណាច​នឹង​ឃាត់​ដង្ហើម​ជីវិត​របស់​ខ្លួន​បាន​ឡើយ ហើយ​ក៏​ពុំ​អាច​ពន្យារ​ថ្ងៃ​ស្លាប់​របស់​ខ្លួន​បាន​ដែរ។ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​តយុទ្ធ​ទេ រីឯ​អំពើ​អាក្រក់​ពុំ​អាច​ជួយ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ឲ្យ​រួច​ជីវិត​បាន​ជា​ដាច់​ខាត។

9 ពេល​ខ្ញុំ​សង្កេត​មើល​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​លើ​ផែនដី ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ​នេះ: មាន​ពេល​ខ្លះ មនុស្ស​ត្រួត‌ត្រា​លើ​មនុស្ស​ដូច​គ្នា ដែល​ធ្វើ​ឲ្យ​គេ​រង​ទុក្ខ​វេទនា។

10 ខ្ញុំ​បាន​ឃើញ​គេ​បញ្ចុះ​សព​មនុស្ស​អាក្រក់។ អ្នក​ទាំង​នោះ​ធ្លាប់​ចូល​មក​ក្នុង​ទី‌សក្ការៈ ប៉ុន្តែ នៅ​ក្នុង​ទីក្រុង អ្នក​ក្រុង​មិន​នឹក​ចាំ​ពី​អំពើ​ដែល​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ឡើយ។ ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ​ដែរ។

11 មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់​ពុំ​បាន​ទទួល​ទោស​ភ្លាមៗ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​របស់​មនុស្ស​ចេះ​តែ​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។

12 ទោះ​បី​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​មួយ​រយ​ដង ហើយ​មាន​អាយុ​យឺន‌យូរ​យ៉ាង​ណា​ក្ដី ក៏​ខ្ញុំ​យល់​ឃើញ​ថា មាន​តែ​អស់​អ្នក​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ដែល​បាន​សេចក្ដី​សុខ ព្រោះ​គេ​គោរព​ព្រះ‌អង្គ។

13 មនុស្ស​អាក្រក់​មិន​ដែល​បាន​សេចក្ដី​សុខ​ទេ ហើយ​ក៏​គ្មាន​អាយុ​វែង​ដែរ គឺ​មិន​យូរ​ជាង​ស្រមោល​ឡើយ ព្រោះ​គេ​មិន​គោរព​ព្រះ‌ជាម្ចាស់។