10 ការអ្វីដែលអ្នកអាចធ្វើ ចូរធ្វើឲ្យអស់ពីកម្លាំងកាយទៅ ដ្បិតនៅស្ថានមនុស្សស្លាប់ដែលអ្នកនឹងទៅនៅ គ្មានសកម្មភាពការវិនិច្ឆ័យ ការចេះដឹង និងប្រាជ្ញាទៀតឡើយ។
11 នៅលើផែនដីនេះ ខ្ញុំក៏បានឃើញថា អ្នកពូកែរត់មិនដែលរត់ឈ្នះគេរហូតទេ ហើយអ្នកពូកែច្បាំងក៏មិនដែលច្បាំងឈ្នះរហូតដែរ។ រីឯអ្នកមានប្រាជ្ញាក៏មិនដែលរកបានអាហាររហូត អ្នកឈ្លាសវៃក៏មិនដែលរកទ្រព្យបានរហូត ហើយអ្នកចេះដឹងក៏មិនដែលមានគេគោរពរហូតដែរ។ ពេលខ្លះ អ្នកទាំងនោះមានជោគជ័យ ពេលខ្លះទៀតបរាជ័យ។
12 មនុស្សលោកពុំអាចដឹងជាមុនថា ថ្ងៃអន្សារបស់ខ្លួនកើតមាននៅពេលណាឡើយ។ ត្រីជាប់សំណាញ់ដ៏អប្រិយ ឬសត្វស្លាបជាប់អន្ទាក់យ៉ាងណា មនុស្សលោកក៏ធ្លាក់ទៅទុក្ខវេទនាដ៏អប្រិយយ៉ាងនោះដែរ។
13 នៅលើផែនដីនេះ ខ្ញុំបានសង្កេតឃើញប្រាជ្ញាមួយទៀត ដែលខ្ញុំយល់ឃើញថាមានតម្លៃណាស់។
14 ក្នុងទីក្រុងតូចមួយ មានមនុស្សរស់នៅតែបន្តិចបន្តួចប៉ុណ្ណោះ។ ស្ដេចដ៏ខ្លាំងពូកែមួយអង្គបានលើកទ័ពមកវាយយកក្រុងនោះ ទាំងបង្កើតសស្ត្រាវុធយ៉ាងសំបើមឡោមព័ទ្ធទីក្រុង។
15 នៅក្រុងនោះ មានបុរសម្នាក់ជាជនក្រីក្រ តែមានប្រាជ្ញា គាត់បានសង្គ្រោះទីក្រុងឲ្យរួចពីកណ្ដាប់ដៃខ្មាំង ដោយសារប្រាជ្ញារបស់ខ្លួន។ ប៉ុន្តែ គ្មាននរណាម្នាក់នឹកនាដល់បុរសក្រីក្រនោះទេ។
16 ខ្ញុំយល់ថា ប្រាជ្ញាប្រសើរជាងចិត្តក្លាហានអង់អាច។ ប៉ុន្តែ ប្រាជ្ញារបស់ជនក្រីក្រតែងតែត្រូវគេមើលងាយ ហើយពាក្យសម្ដីរបស់ជនក្រីក្រក៏គ្មាននរណាស្ដាប់ដែរ។