3 អ្វីៗទាំងអស់ដែលកើតមាននៅលើផែនដី សុទ្ធតែជួបតែនឹងផលអាក្រក់ដូចគ្នា គឺចុងបញ្ចប់របស់មនុស្សទាំងអស់មិនខុសគ្នាទេ។ ចិត្តរបស់មនុស្សមានពេញទៅដោយគំនិតអាក្រក់ ហើយគំនិតលេលាក៏ដក់នៅក្នុងចិត្តរបស់មនុស្សក្នុងមួយជីវិតរបស់គេដែរ។ បន្ទាប់មក ពួកគេនឹងស្គាល់សេចក្ដីស្លាប់។
4 ទោះជាយ៉ាងណាក្ដី ដរាបណានៅមានជីវិត នៅតែមានសេចក្ដីសង្ឃឹម ដ្បិតឆ្កែដែលនៅរស់ប្រសើរជាងសិង្ហងាប់។
5 អ្នកដែលនៅរស់ដឹងថាខ្លួនមុខជាត្រូវស្លាប់ តែអ្នកដែលស្លាប់ផុតទៅហើយ មិនដឹងអ្វីទាំងអស់ ពួកគេមិនរង់ចាំផលអ្វីបានឡើយ ព្រោះគ្មាននរណានឹកដល់ពួកគេទៀតទេ។
6 ការស្រឡាញ់ ការស្អប់ និងការច្រណែនរបស់ពួកគេ រលាយសូន្យអស់ទៅហើយ ពួកគេក៏ពុំរួមចំណែកនឹងអ្វីៗដែលមនុស្សធ្វើនៅលើផែនដីនេះទៀតដែរ។
7 ដូច្នេះ ចូរទៅបរិភោគអាហារដោយអំណរ ហើយពិសាស្រាទំពាំងបាយជូរដោយចិត្តសប្បាយចុះ ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងការងារដែលអ្នកធ្វើនោះហើយ។
8 ចូរស្លៀកពាក់ស្អាតគ្រប់ពេលវេលា ហើយលាបប្រេងក្រអូបលើក្បាលអ្នកជានិច្ច។
9 ចូររួមរស់យ៉ាងសប្បាយនឹងភរិយាដែលអ្នកស្រឡាញ់ ជារៀងរាល់ថ្ងៃ អស់មួយជីវិត គឺជីវិតឥតបានការ ដែលព្រះជាម្ចាស់ប្រទានឲ្យនៅលើផែនដី។ នេះហើយចំណែកដែលអ្នកទទួលនៅក្នុងជីវិត ក្នុងការងារដែលអ្នកធ្វើនៅក្រោមកម្ដៅថ្ងៃ។