5 អ្នកដែលនៅរស់ដឹងថាខ្លួនមុខជាត្រូវស្លាប់ តែអ្នកដែលស្លាប់ផុតទៅហើយ មិនដឹងអ្វីទាំងអស់ ពួកគេមិនរង់ចាំផលអ្វីបានឡើយ ព្រោះគ្មាននរណានឹកដល់ពួកគេទៀតទេ។
6 ការស្រឡាញ់ ការស្អប់ និងការច្រណែនរបស់ពួកគេ រលាយសូន្យអស់ទៅហើយ ពួកគេក៏ពុំរួមចំណែកនឹងអ្វីៗដែលមនុស្សធ្វើនៅលើផែនដីនេះទៀតដែរ។
7 ដូច្នេះ ចូរទៅបរិភោគអាហារដោយអំណរ ហើយពិសាស្រាទំពាំងបាយជូរដោយចិត្តសប្បាយចុះ ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងការងារដែលអ្នកធ្វើនោះហើយ។
8 ចូរស្លៀកពាក់ស្អាតគ្រប់ពេលវេលា ហើយលាបប្រេងក្រអូបលើក្បាលអ្នកជានិច្ច។
9 ចូររួមរស់យ៉ាងសប្បាយនឹងភរិយាដែលអ្នកស្រឡាញ់ ជារៀងរាល់ថ្ងៃ អស់មួយជីវិត គឺជីវិតឥតបានការ ដែលព្រះជាម្ចាស់ប្រទានឲ្យនៅលើផែនដី។ នេះហើយចំណែកដែលអ្នកទទួលនៅក្នុងជីវិត ក្នុងការងារដែលអ្នកធ្វើនៅក្រោមកម្ដៅថ្ងៃ។
10 ការអ្វីដែលអ្នកអាចធ្វើ ចូរធ្វើឲ្យអស់ពីកម្លាំងកាយទៅ ដ្បិតនៅស្ថានមនុស្សស្លាប់ដែលអ្នកនឹងទៅនៅ គ្មានសកម្មភាពការវិនិច្ឆ័យ ការចេះដឹង និងប្រាជ្ញាទៀតឡើយ។
11 នៅលើផែនដីនេះ ខ្ញុំក៏បានឃើញថា អ្នកពូកែរត់មិនដែលរត់ឈ្នះគេរហូតទេ ហើយអ្នកពូកែច្បាំងក៏មិនដែលច្បាំងឈ្នះរហូតដែរ។ រីឯអ្នកមានប្រាជ្ញាក៏មិនដែលរកបានអាហាររហូត អ្នកឈ្លាសវៃក៏មិនដែលរកទ្រព្យបានរហូត ហើយអ្នកចេះដឹងក៏មិនដែលមានគេគោរពរហូតដែរ។ ពេលខ្លះ អ្នកទាំងនោះមានជោគជ័យ ពេលខ្លះទៀតបរាជ័យ។