សាស្ដា 9:7-13 KHSV

7 ដូច្នេះ ចូរ​ទៅ​បរិភោគ​អាហារ​ដោយ​អំណរ ហើយ​ពិសា​ស្រា​ទំពាំង‌បាយជូរ​ដោយ​ចិត្ត​សប្បាយ​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នោះ​ហើយ។

8 ចូរ​ស្លៀក​ពាក់​ស្អាត​គ្រប់​ពេល​វេលា ហើយ​លាប​ប្រេង​ក្រអូប​លើ​ក្បាល​អ្នក​ជា‌និច្ច។

9 ចូរ​រួម​រស់​យ៉ាង​សប្បាយ​នឹង​ភរិយា​ដែល​អ្នក​ស្រឡាញ់ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត គឺ​ជីវិត​ឥត​បាន​ការ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នៅ​លើ​ផែនដី។ នេះ​ហើយ​ចំណែក​ដែល​អ្នក​ទទួល​នៅ​ក្នុង​ជីវិត ក្នុង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ។

10 ការ​អ្វី​ដែល​អ្នក​អាច​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ទៅ ដ្បិត​នៅ​ស្ថាន​មនុស្ស​ស្លាប់​ដែល​អ្នក​នឹង​ទៅ​នៅ គ្មាន​សកម្ម‌ភាព​ការ​វិនិច្ឆ័យ ការ​ចេះ​ដឹង និង​ប្រាជ្ញា​ទៀត​ឡើយ។

11 នៅ​លើ​ផែនដី​នេះ ខ្ញុំ​ក៏​បាន​ឃើញ​ថា អ្នក​ពូកែ​រត់​មិន​ដែល​រត់​ឈ្នះ​គេ​រហូត​ទេ ហើយ​អ្នក​ពូកែ​ច្បាំង​ក៏​មិន​ដែល​ច្បាំង​ឈ្នះ​រហូត​ដែរ។ រីឯ​អ្នក​មាន​ប្រាជ្ញា​ក៏​មិន​ដែល​រក​បាន​អាហារ​រហូត អ្នក​ឈ្លាស‌វៃ​ក៏​មិន​ដែល​រក​ទ្រព្យ​បាន​រហូត ហើយ​អ្នក​ចេះ​ដឹង​ក៏​មិន​ដែល​មាន​គេ​គោរព​រហូត​ដែរ។ ពេល​ខ្លះ អ្នក​ទាំង​នោះ​មាន​ជោគ‌ជ័យ ពេល​ខ្លះ​ទៀត​បរា‌ជ័យ។

12 មនុស្ស​លោក​ពុំ​អាច​ដឹង​ជា​មុន​ថា ថ្ងៃ‌អន្សា​របស់​ខ្លួន​កើត​មាន​នៅ​ពេល​ណា​ឡើយ។ ត្រី​ជាប់​សំណាញ់​ដ៏​អប្រិយ ឬ​សត្វ​ស្លាប​ជាប់​អន្ទាក់​យ៉ាង​ណា មនុស្ស​លោក​ក៏​ធ្លាក់​ទៅ​ទុក្ខ​វេទនា​ដ៏​អប្រិយ​យ៉ាង​នោះ​ដែរ។

13 នៅ​លើ​ផែនដី​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ប្រាជ្ញា​មួយ​ទៀត ដែល​ខ្ញុំ​យល់​ឃើញ​ថា​មាន​តម្លៃ​ណាស់។