ហូសេ 1:1-7 KHSV

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​ហូសេ​ជា​កូន​របស់​លោក​បេរី នៅ​រជ្ជកាល​ព្រះ‌បាទ​អូសៀស ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អេហាស និង​ព្រះ‌បាទ​ហេ‌សេគា​ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

2 ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង តាម​រយៈ​លោក​ហូសេ ចាប់​ផ្ដើម​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​យក​ស្រី​ពេស្យា​ម្នាក់មក​ធ្វើ​ជា​ភរិយា ហើយ​បង្កើត​កូន​ពី​ស្រី​ពេស្យា​នោះ ដ្បិត​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់!»។

3 លោក​ហូសេ​ក៏​ទៅ​យក​នាង​កូមើរ ជា​កូន​របស់​លោក​ឌីប្លែម មក​ធ្វើ​ជា​ភរិយា នាង​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក។

4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “យេសរាល” ដ្បិត​បន្តិច​ទៀត យើង​នឹង​វិនិច្ឆ័យ​ទោស​រាជ‌វង្ស​របស់​ស្ដេច​យេហ៊ូវ ព្រោះ​តែ​ស្ដេច​នេះ​បាន​បង្ហូរ​ឈាម​គេ​នៅ​យេសរាល។ យើង​នឹង​លែង​ឲ្យ​មាន​ស្ដេច​សោយ​រាជ្យ​លើ​ពូជ‌ពង្ស​អ៊ីស្រា‌អែល។

5 ថ្ងៃ​នោះ យើង​នឹង​បំបែក​កម្លាំង​ទ័ព​អ៊ីស្រា‌អែល​នៅ​វាល​យេសរាល»។

6 នាង​កូមើរ​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​បង្កើត​បាន​កូន​ស្រី​មួយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “ឡូរូ‌ហាម៉ា” ដ្បិត​យើង​នឹង​លែង​អាណិត‌អាសូរ​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ក៏​លែង​អត់‌ទោស​ឲ្យ​ពួក​គេ​រហូត​ដែរ។

7 ប៉ុន្តែ យើង​អាណិត​អាសូរ​កូន​ចៅ​យូដា។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ យើង​នឹង​សង្គ្រោះ​ពួក​គេ​ដោយ​ដៃ​យើង​ផ្ទាល់ គឺ​មិន​មែន​ដោយ​ប្រើ​ធ្នូ ដាវ សង្គ្រាម សេះ​ចំបាំង ឬ​ដោយ​កង‌ពល​សេះ​ឡើយ»។