២ របាក្សត្រ 10:3-9 KHSV

3 ពេល​នោះ គេ​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​លោក​យេរ៉ូ‌បោម​មក​ដែរ។ លោក​យេរ៉ូ‌បោម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា ពួក​គេ​ទូល​ព្រះ‌បាទ​រេហូ‌បោម​ថា៖

4 «បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​មេត្តា​សម្រាល​នឹម​ដ៏​ធ្ងន់ ដែល​បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​បម្រើ​ព្រះ‌ករុណា»។

5 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ត្រឡប់​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក​ជួប​យើង​វិញ»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ចាក​ចេញ​ទៅ។

6 ព្រះ‌បាទ​រេហូ‌បោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធា‌ចារ្យ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះ‌បាទ​សាឡូម៉ូន ជា​បិតា ក្នុង​គ្រា​ដែល​ស្ដេច​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ដោយ​សួរ​ថា៖ «តាម​យោបល់​របស់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ប្រជា‌ជន​នេះ?»។

7 អស់​លោក​ព្រឹទ្ធា‌ចារ្យ​ទូល​វិញ​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ប្រជា‌ជន​នេះ ប្រសិន​បើ​ព្រះ‌ករុណា​សន្ដោស​មេត្តា​ដល់​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ដោយ​ទន់‌ភ្លន់ នោះ​ពួក​គេ​នឹង​បម្រើ​ព្រះ‌ករុណា​រហូត​ត​ទៅ»។

8 ប៉ុន្តែ ព្រះ‌បាទ​រេហូ‌បោម​មិន​រវី‌រវល់​នឹង​យោបល់​របស់​អស់​លោក​ព្រឹទ្ធា‌ចារ្យ​ទេ ទ្រង់​បែរ​ជា​សួរ​យោបល់​ពី​ពួក​មន្ត្រី​ជំនិត ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក។

9 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​ថា៖ «ប្រជា‌ជន​សុំ​ឲ្យ​យើង​សម្រាល​នឹម ដែល​បិតា​របស់​យើង​បាន​ដាក់​លើ​ពួក​គេ។ តើ​អស់​លោក​មាន​យោបល់​ណា? តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​នឹង​ប្រជា‌ជន​នេះ​យ៉ាង​ដូច​ម្ដេច?»។