1 ពេលព្រះបាទរេហូបោមយាងមកដល់ក្រុងយេរូសាឡឹម ស្ដេចប្រមូលទាហានក្នុងពូជពង្សយូដា និងបេនយ៉ាមីន បានចំនួន១៨០ ០០០នាក់ ដែលសុទ្ធតែជាអ្នកចំបាំងយ៉ាងស្ទាត់ជំនាញ ដើម្បីចេញទៅច្បាំងនឹងជនជាតិអ៊ីស្រាអែល ដណ្ដើមយកអាណាចក្រទាំងមូលមកថ្វាយព្រះបាទរេហូបោមវិញ។
2 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះអង្គថា៖
3 «ចូរប្រាប់រេហូបោម ជាបុត្ររបស់សាឡូម៉ូន ស្ដេចស្រុកយូដា ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងអស់ ក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីនថា
4 ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: កុំចេញទៅច្បាំងនឹងបងប្អូនរបស់អ្នករាល់គ្នាឡើយ! ចូរវិលទៅកាន់ទីលំនៅរៀងៗខ្លួនចុះ ដ្បិតយើងទេដែលធ្វើឲ្យសភាពការណ៍នេះកើតមាន»។ ពួកគេក៏ស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយនាំគ្នាវិលត្រឡប់ទៅវិញ ដោយមិនវាយលុកព្រះបាទយេរ៉ូបោមទេ។