11 ព្រះបាទរេហូបោមបានសង់កំពែងឲ្យកាន់តែរឹងមាំថែមទៀត ព្រមទាំងតែងតាំងមេបញ្ជាការឲ្យគ្រប់គ្រង ហើយផ្ទុកស្បៀងអាហារ ប្រេង និងស្រា ក្នុងក្រុងទាំងនោះផង។
12 នៅក្នុងក្រុងនីមួយៗមានខែលធំ និងលំពែងយ៉ាងច្រើន ត្រៀមទុក។ ស្ដេចបានធ្វើឲ្យក្រុងទាំងនោះទៅជារឹងមាំបំផុត ដើម្បីពង្រឹងការត្រួតត្រាលើទឹកដីយូដា និងទឹកដីបេនយ៉ាមីន។
13 ពួកបូជាចារ្យ និងពួកលេវីដែលរស់នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល បាននាំគ្នាមកពីគ្រប់ទីកន្លែង សុំរួបរួមជាមួយព្រះបាទរេហូបោម។
14 ពួកលេវីបោះបង់ចោលផ្ទះសម្បែង និងដីធ្លីរបស់ខ្លួន ទៅរស់នៅក្នុងស្រុកយូដា និងក្រុងយេរូសាឡឹម ព្រោះព្រះបាទយេរ៉ូបោម ព្រមទាំងបុត្រ មិនឲ្យពួកគេបំពេញមុខងារជាបូជាចារ្យបម្រើព្រះអម្ចាស់ទេ។
15 ព្រះបាទយេរ៉ូបោមបានជ្រើសតាំងមនុស្សឲ្យធ្វើជាបូជាចារ្យ នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីបម្រើព្រះក្លែងក្លាយ មានរូបពពែឈ្មោល និងកូនគោ ដែលស្ដេចបានសូន។
16 រីឯអស់អ្នកនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ដែលមានចិត្តស្វែងរកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ក៏មកក្រុងយេរូសាឡឹមតាមពួកលេវី ដើម្បីថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ។
17 ដូច្នេះ ពួកគេពង្រឹងអាណាចក្រយូដា និងជួយគាំទ្រព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូន ក្នុងរយៈពេលបីឆ្នាំ ដ្បិតក្នុងអំឡុងពេលបីឆ្នាំនោះ គេដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន។