14 ពួកលេវីបោះបង់ចោលផ្ទះសម្បែង និងដីធ្លីរបស់ខ្លួន ទៅរស់នៅក្នុងស្រុកយូដា និងក្រុងយេរូសាឡឹម ព្រោះព្រះបាទយេរ៉ូបោម ព្រមទាំងបុត្រ មិនឲ្យពួកគេបំពេញមុខងារជាបូជាចារ្យបម្រើព្រះអម្ចាស់ទេ។
15 ព្រះបាទយេរ៉ូបោមបានជ្រើសតាំងមនុស្សឲ្យធ្វើជាបូជាចារ្យ នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីបម្រើព្រះក្លែងក្លាយ មានរូបពពែឈ្មោល និងកូនគោ ដែលស្ដេចបានសូន។
16 រីឯអស់អ្នកនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ដែលមានចិត្តស្វែងរកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ក៏មកក្រុងយេរូសាឡឹមតាមពួកលេវី ដើម្បីថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ។
17 ដូច្នេះ ពួកគេពង្រឹងអាណាចក្រយូដា និងជួយគាំទ្រព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូន ក្នុងរយៈពេលបីឆ្នាំ ដ្បិតក្នុងអំឡុងពេលបីឆ្នាំនោះ គេដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន។
18 ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាហាឡាត ជាបុត្រីរបស់សម្ដេចយេរីម៉ុត ដែលត្រូវជាបុត្ររបស់ព្រះបាទដាវីឌ និងនាងអប៊ីហែល ជាកូនរបស់លោកអេលាប និងជាចៅរបស់លោកអ៊ីសាយ។
19 ព្រះនាងម៉ាហាឡាតប្រសូតបានបុត្របីអង្គ គឺសម្ដេចយេអ៊ូស សេម៉ារីយ៉ា និងសាហាំ។
20 ក្រោយមក ព្រះបាទរេហូបោមបានអភិសេកជាមួយព្រះនាងម៉ាកា ជាបុត្រីរបស់សម្ដេចអាប់សាឡុម។ ព្រះនាងប្រសូតបានបុត្របួនអង្គ គឺសម្ដេចអប៊ីយ៉ា អថាយ ស៊ីសា និងសឡូមីត។