២ របាក្សត្រ 11:17-23 KHSV

17 ដូច្នេះ ពួក​គេ​ពង្រឹង​អាណា‌ចក្រ​យូដា និង​ជួយ​គាំទ្រ​ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​រយៈ​ពេល​បី​ឆ្នាំ ដ្បិត​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​នោះ គេ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន។

18 ព្រះ‌បាទ​រេហូ‌បោម​បាន​រៀប​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​ម៉ាហា‌ឡាត ជា​បុត្រី​របស់​សម្ដេច​យេរី‌ម៉ុត ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ និង​នាង​អប៊ី‌ហែល ជា​កូន​របស់​លោក​អេលាប និង​ជា​ចៅ​របស់​លោក​អ៊ីសាយ។

19 ព្រះ‌នាង​ម៉ាហា‌ឡាត​ប្រសូត​បាន​បុត្រ​បី​អង្គ គឺ​សម្ដេច​យេអ៊ូស សេម៉ា‌រី‌យ៉ា និង​សាហាំ។

20 ក្រោយ​មក ព្រះ‌បាទ​រេហូ‌បោម​បាន​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អាប់‌សាឡុម។ ព្រះ‌នាង​ប្រសូត​បាន​បុត្រ​បួន​អង្គ គឺ​សម្ដេច​អប៊ី‌យ៉ា អថាយ ស៊ីសា និង​សឡូ‌មីត។

21 ព្រះ‌បាទ​រេហូ‌បោម​ស្រឡាញ់​នាង​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អាប់‌សាឡុម ជាង​មហេសី និង​ស្រី​ស្នំ​ឯ​ទៀតៗ។ ស្ដេច​មាន​មហេសី​ទាំង​អស់​ដប់​ប្រាំ​បី​អង្គ និង​ស្រី​ស្នំ​ហុក‌សិប​នាក់ មាន​បុត្រា​ទាំង​អស់​ម្ភៃ​ប្រាំ​បី​អង្គ និង​បុត្រី​ហុក‌សិប​អង្គ។

22 ព្រះ‌បាទ​រេហូ‌បោម​លើក​សម្ដេច​អប៊ី‌យ៉ា ជា​បុត្រ​របស់​ព្រះ‌នាង​ម៉ាកា ឲ្យ​មាន​ឋានៈ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ‌វង្ស គឺ​ធ្វើ​ជា​ប្រមុខ​លើ​បុត្រ​ឯ​ទៀតៗ ដ្បិត​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​សម្ដេច​អប៊ី‌យ៉ា​ឡើង​គ្រង​រាជ្យ។

23 ស្ដេច​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ ដោយ​ចាត់​បុត្រ​ឯ​ទៀតៗ​ឲ្យ​ទៅ​រស់​នៅ​តាម​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​នានា ក្នុង​ស្រុក​យូដា និង​បេន‌យ៉ាមីន ព្រម​ទាំង​ឧបត្ថម្ភ​ស្បៀង​យ៉ាង​បរិបូណ៌ និង​រក​ភរិយា​ជា​ច្រើន​ឲ្យ​បុត្រ​ទាំង​នោះ​ផង។