1 កាលព្រះបាទរេហូបោមពង្រឹងរាជសម្បត្តិ និងអំណាចរឹងមាំហើយ ស្ដេចបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអម្ចាស់ រីឯប្រជាជនក៏ប្រព្រឹត្តដូចស្ដេចដែរ។
2 នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរេហូបោម ព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។ ព្រឹត្តិការណ៍នេះកើតមាន ព្រោះប្រជាជនយូដាមិនស្មោះត្រង់នឹងព្រះអម្ចាស់។
3 ព្រះចៅស៊ីសាក់ដឹកនាំកងទ័ពដែលមានរទេះចំបាំង ១ ២០០ ទ័ពសេះ ៥០ ០០០ នាក់ ព្រមទាំងមានពលទាហានជាតិលីប៊ី ស៊ូគី និងអេត្យូពីយ៉ាងច្រើន មកជាមួយផង។
4 ស្ដេចវាយយកបានក្រុងនានាដែលមានកំពែងរឹងមាំក្នុងស្រុកយូដា ហើយមកដល់ក្រុងយេរូសាឡឹម។
5 ពេលនោះ ព្យាការីសេម៉ាយ៉ាចូលទៅគាល់ព្រះបាទរេហូបោម និងជួបមេដឹកនាំរបស់ជនជាតិយូដា ដែលជួបជុំគ្នានៅក្រុងយេរូសាឡឹម នៅពេលព្រះចៅស៊ីសាក់ចូលមកជិតដល់ទីក្រុង។ ព្យាការីសេម៉ាយ៉ាមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “អ្នករាល់គ្នាបានបោះបង់ចោលយើង! ដូច្នេះ យើងក៏បោះបង់ចោលអ្នករាល់គ្នា ឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស៊ីសាក់ដែរ”»។
6 ព្រះរាជា និងពួកមេដឹកនាំនៃជនជាតិអ៊ីស្រាអែល ដាក់ខ្លួន ហើយពោលថា៖ «ព្រះអម្ចាស់ពិតជាសុចរិតមែន!»។