២ របាក្សត្រ 12:1-7 KHSV

1 កាល​ព្រះ‌បាទ​រេហូ‌បោម​ពង្រឹង​រាជ​សម្បត្តិ និង​អំណាច​រឹង‌មាំ​ហើយ ស្ដេច​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ រីឯ​ប្រជា‌ជន​ក៏​ប្រព្រឹត្ត​ដូច​ស្ដេច​ដែរ។

2 នៅ​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​រេហូ‌បោម ព្រះ‌ចៅ​ស៊ីសាក់ ជា​ស្ដេច​ស្រុក​អេស៊ីប បាន​ឡើង​មក​វាយ​ក្រុង​យេរូ‌សាឡឹម។ ព្រឹត្តិ‌ការណ៍​នេះ​កើត​មាន ព្រោះ​ប្រជា‌ជន​យូដា​មិន​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់។

3 ព្រះចៅ​ស៊ីសាក់​ដឹក​នាំ​កង‌ទ័ព​ដែល​មាន​រទេះ​ចំបាំង ១ ២០០ ទ័ព​សេះ ៥០ ០០០ នាក់ ព្រម​ទាំង​មាន​ពល​ទាហាន​ជាតិ​លីប៊ី ស៊ូគី និង​អេត្យូ‌ពី​យ៉ាង​ច្រើន មក​ជា​មួយ​ផង។

4 ស្ដេច​វាយ​យក​បាន​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡឹម។

5 ពេល​នោះ ព្យាការី​សេម៉ាយ៉ា​ចូល​ទៅ​គាល់​ព្រះ‌បាទ​រេហូ‌បោម និង​ជួប​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា ដែល​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ពេល​ព្រះ‌ចៅ​ស៊ីសាក់​ចូល​មក​ជិត​ដល់​ទីក្រុង។ ព្យាការី​សេម៉ាយ៉ា​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង! ដូច្នេះ យើង​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា ឲ្យ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស៊ីសាក់​ដែរ”»។

6 ព្រះ‌រាជា និង​ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដាក់​ខ្លួន ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​សុចរិត​មែន!»។

7 កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ពួក​គេ​ដាក់​ខ្លួន​ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា​ថា៖ «ពួក​គេ​ដាក់​ខ្លួន​ហើយ យើង​មិន​បំផ្លាញ​ពួក​គេ​ទេ។ យើង​នឹង​ជួយ​រំដោះ​ពួក​គេ​ជា​បន្ទាន់ ដ្បិត​យើង​មិន​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ក្រុង​យេរូ‌សាឡឹម ដោយ​ទុក​ឲ្យ​ស្ដេច​ស៊ីសាក់​បំផ្លាញ​ក្រុង​នេះ​ឡើយ។