២ របាក្សត្រ 12:6-12 KHSV

6 ព្រះ‌រាជា និង​ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដាក់​ខ្លួន ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​សុចរិត​មែន!»។

7 កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ពួក​គេ​ដាក់​ខ្លួន​ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា​ថា៖ «ពួក​គេ​ដាក់​ខ្លួន​ហើយ យើង​មិន​បំផ្លាញ​ពួក​គេ​ទេ។ យើង​នឹង​ជួយ​រំដោះ​ពួក​គេ​ជា​បន្ទាន់ ដ្បិត​យើង​មិន​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ក្រុង​យេរូ‌សាឡឹម ដោយ​ទុក​ឲ្យ​ស្ដេច​ស៊ីសាក់​បំផ្លាញ​ក្រុង​នេះ​ឡើយ។

8 ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្លាក់​ខ្លួន​ចំណុះ​ស្ដេច​ស៊ីសាក់។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ខ្លួន​ថា បម្រើ​យើង និង​បម្រើ​ស្ដេច​ស្រុក​ផ្សេងៗ​ខុស​គ្នា​ត្រង់​ណា»។

9 ព្រះ‌ចៅ​ស៊ី‌សាក់ ជា​ស្ដេច​ស្រុក​អេស៊ីប វាយ​លុក​ក្រុង​យេរូ‌សាឡឹម ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង​អស់​គ្មាន​សល់។ ស្ដេច​ក៏​រឹប​អូស​យក​ខែល​មាស​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​ដែរ។

10 ព្រះ‌បាទ​រេហូ‌បោម​បាន​ឲ្យ​គេ​ធ្វើ​ខែល​ពី​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​ឲ្យ​មេ​ក្រុម​របស់​កង​ទាហាន ដែល​យាម​ខ្លោង​ទ្វារ​វាំង​មើល​ថែ‌រក្សា។

11 គ្រប់​ពេល​ដែល​ស្ដេច​យាង​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ពួក​ទាហាន​នាំ​គ្នា​កាន់​ខែល​ទាំង​នោះ។ បន្ទាប់​មក ពួក​គេ​ប្រមូល​យក​ទៅ​ទុក​នៅ​ក្នុង​បន្ទប់​របស់​មេ​ក្រុម​វិញ។

12 ដោយ​ព្រះ‌បាទ​រ៉ូបោម​ដាក់​ខ្លួន ព្រះ‌អម្ចាស់​លែង​ព្រះ‌ពិរោធ​នឹង​ស្ដេច ហើយ​ក៏​មិន​បំផ្លាញ​ស្ដេច​ឲ្យ​វិនាស​សូន្យ​ដែរ។ ម្យ៉ាង​ទៀត ក្នុង​ស្រុក​យូដា​ក៏​នៅ​មាន​សេចក្ដី​ល្អ​ខ្លះៗ​ដែរ។