1 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយេរ៉ូបោម ព្រះបាទអប៊ីយ៉ាឡើងសោយរាជ្យ នៅស្រុកយូដា។
2 ស្ដេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម មាតារបស់ស្ដេចមាននាមថា មីកាយ៉ា ជាកូនរបស់លោកអូរាល អ្នកក្រុងគីបៀរ។ ព្រះបាទអប៊ីយ៉ា និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក។
3 ព្រះបាទអប៊ីយ៉ាបានលើកទ័ពចំនួន ៤០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាចចេញទៅប្រយុទ្ធ ហើយព្រះបាទយេរ៉ូបោមក៏បានលើកទ័ពចំនួន ៨០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាច ចេញមកតទល់វិញដែរ។
4 ព្រះបាទអប៊ីយ៉ាបានឡើងទៅឈរនៅលើកំពូលភ្នំសេម៉ារែប ដែលស្ថិតនៅតាមជួរភ្នំអេប្រាអ៊ីម ហើយមានរាជឱង្ការទៅកាន់ព្រះបាទយេរ៉ូបោម និងកងទ័ពអ៊ីស្រាអែលថា៖ «ចូរស្ដាប់យើង!
5 អ្នករាល់គ្នាត្រូវដឹងថា ព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែល ប្រទានឲ្យព្រះបាទដាវីឌ និងរាជវង្ស សោយរាជ្យលើអាណាចក្រអ៊ីស្រាអែលរហូតតទៅ គឺជាសម្ពន្ធមេត្រី*ដែលមិនអាចប្រែប្រួលបានឡើយ។
6 ប៉ុន្តែ យេរ៉ូបោម កូនរបស់លោកនេបាត ជាអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន ដែលជាបុត្ររបស់ព្រះបាទដាវីឌ បានក្រោកឡើងបះបោរប្រឆាំងនឹងម្ចាស់របស់ខ្លួន។
7 មនុស្សពាល និងមនុស្សមិនបានការ បានចូលដៃជាមួយស្ដេចយេរ៉ូបោម ហើយពួកគេមានប្រៀបលើព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូន។ ព្រះបាទរេហូបោមនៅក្មេងខ្ចី ខ្វះបទពិសោធ ពុំអាចទប់ទល់នឹងពួកគេបានទេ។