២ របាក្សត្រ 13:4-10 KHSV

4 ព្រះ‌បាទ​អប៊ី‌យ៉ា​បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ​សេម៉ា‌រែប ដែល​ស្ថិត​នៅ​តាម​ជួរ​ភ្នំ​អេប្រាអ៊ីម ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យេរ៉ូ‌បោម និង​កង‌ទ័ព​អ៊ីស្រា‌អែល​ថា៖ «ចូរ​ស្ដាប់​យើង!

5 អ្នក​រាល់​គ្នា​ត្រូវ​ដឹង​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ៊ីស្រា‌អែល ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ និង​រាជ‌វង្ស សោយ​រាជ្យ​លើ​អាណា‌ចក្រ​អ៊ីស្រា‌អែល​រហូត​ត​ទៅ គឺ​ជា​សម្ពន្ធ‌មេត្រី*​ដែល​មិន​អាច​ប្រែ‌ប្រួល​បាន​ឡើយ។

6 ប៉ុន្តែ យេរ៉ូ‌បោម កូន​របស់​លោក​នេបាត ជា​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន ដែល​ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ បាន​ក្រោក​ឡើង​បះ‌បោរ​ប្រឆាំង​នឹង​ម្ចាស់​របស់​ខ្លួន។

7 មនុស្ស​ពាល និង​មនុស្ស​មិន​បាន​ការ បាន​ចូល​ដៃ​ជា​មួយ​ស្ដេច​យេរ៉ូ‌បោម ហើយ​ពួក​គេ​មាន​ប្រៀប​លើ​ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ព្រះ‌បាទ​រេហូ‌បោម​នៅ​ក្មេង​ខ្ចី ខ្វះ​បទ​ពិសោធ ពុំ​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ទេ។

8 ឥឡូវ​នេះ អ្នក​រាល់​គ្នា​គិត​ប្រឆាំង​តទល់​នឹង​រាជ​អំណាច​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​នៃ​កូន​ចៅ​របស់​ព្រះ‌បាទ​ដាវីឌ​ទៀត។ អ្នក​រាល់​គ្នា​មាន​កង‌ទ័ព​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ហើយ​ក៏​មាន​រូប​កូន​គោ​មាស ដែល​ស្ដេច​យេរ៉ូ‌បោម​បាន​សិត​ធ្វើ​ជា​ព្រះ​ឲ្យ​អ្នក​រាល់​គ្នា​គោរព​បម្រើ នៅ​ជា​មួយ​ដែរ។

9 អ្នក​រាល់​គ្នា​បាន​បណ្ដេញ​ពួក​បូជា‌ចារ្យ*​របស់​ព្រះ‌អម្ចាស់ ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន និង​ពួក​លេវី​ចេញ រួច​ជ្រើស​រើស​បូជា‌ចារ្យ​តាម​របៀប​សាសន៍​ដទៃ គឺ​ឲ្យ​តែ​នរណា​យក​គោ​បា​មួយ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​មក នោះ​គេ​មុខ​តែ​បាន​ទទួល​ការ​តែង‌តាំង​ជា​បូជា‌ចារ្យ​នៃ​វត្ថុ​ដែល​មិន​មែន​ជា​ព្រះ។

10 រីឯ​ពួក​យើង​វិញ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង ហើយ​យើង​មិន​បោះ​បង់​ចោល​ព្រះ‌អង្គ​ឡើយ។ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខ‌ងារ​បម្រើ​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ហើយ​ក៏​មាន​ពួក​លេវី​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ដែរ។