4 ប៉ុន្តែ ក្នុងពេលមានអាសន្ន ពួកគេវិលមករកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ពួកគេស្វែងរកព្រះអង្គ ព្រះអង្គក៏ឲ្យពួកគេរកឃើញ។
5 នៅគ្រានោះ គ្មានសន្តិសុខទេ ប្រជាជនពុំអាចធ្វើដំណើរទៅវិញទៅមកបានឡើយ ព្រោះជារយៈពេលមួយដែលអ្នកស្រុកទាំងអស់ភ័យខ្លាចយ៉ាងខ្លាំង។
6 ប្រជាជាតិមួយច្បាំងនឹងប្រជាជាតិមួយ ក្រុងមួយច្បាំងនឹងក្រុងមួយទៀត ដ្បិតព្រះជាម្ចាស់ធ្វើឲ្យពួកគេវឹកវរ ដោយសារទុក្ខវេទនាសព្វបែបយ៉ាង។
7 ចំពោះអ្នករាល់គ្នាវិញ ចូរមានចិត្តខ្ជាប់ខ្ជួន មិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត តែងតែទទួលរង្វាន់ជាពុំខាន!»។
8 កាលព្រះបាទអេសាទ្រង់ព្រះសណ្ដាប់ឮពាក្យទាំងប៉ុន្មាន ដែលព្យាការីអសារា ជាកូនរបស់លោកអូដេត បានថ្លែង ទ្រង់ក៏មានចិត្តក្លាហាន ហើយលុបបំបាត់ព្រះក្លែងក្លាយនៅក្នុងស្រុកយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងនៅតាមក្រុងនានា ដែលទ្រង់វាយយកបាននៅតំបន់ភ្នំអេប្រាអ៊ីម។ ស្ដេចជួសជុលអាសនៈរបស់ព្រះអម្ចាស់ ដែលស្ថិតនៅមុខបន្ទប់ល្វែងនៃព្រះដំណាក់របស់ព្រះអម្ចាស់ជាថ្មីឡើងវិញ។
9 ព្រះបាទអេសាប្រមូលផ្តុំប្រជាជនយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ និងស៊ីម្មាន ដែលបានភៀសខ្លួនមកនៅស្រុកយូដា ដ្បិតជនជាតិអ៊ីស្រាអែលមួយចំនួនធំ បានមករួបរួមជាមួយស្ដេច ព្រោះពួកគេឃើញថា ព្រះអម្ចាស់ជាព្រះរបស់ស្ដេច គង់នៅជាមួយស្ដេច។
10 ពួកគេមកជួបជុំគ្នានៅក្រុងយេរូសាឡឹម នៅខែទីបី ក្នុងឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះបាទអេសា។