២ របាក្សត្រ 17:3-9 KHSV

3 ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ព្រះ‌បាទ​យ៉ូសា‌ផាត ដ្បិត​ស្ដេច​ប្រព្រឹត្ត​តាម​មាគ៌ា​ដើម​ដំបូង​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ គឺ​ទ្រង់​ពុំ​បាន​ស្វែង​រក​ព្រះ​បាល​ទេ។

4 ស្ដេច​បាន​ស្វែង​រក​ព្រះ​នៃ​អយ្យ‌កោ​របស់​ស្ដេច និង​ធ្វើ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ គឺ​ទ្រង់​មិន​ធ្វើ​ដូច​អ្នក​ស្រុក​អ៊ីស្រា‌អែល​ទេ។

5 ព្រះ‌អម្ចាស់​ពង្រឹង​រាជ​សម្បត្តិ​របស់​ស្ដេច​ឲ្យ​បាន​រឹង‌ប៉ឹង ហើយ​ប្រជា‌ជន​យូដា​ទាំង​មូល​តែងតែ​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​យ៉ូសា‌ផាត។ ស្ដេច​មាន​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន​បំផុត។

6 ស្ដេច​ខ្នះ‌ខ្នែង​ធ្វើ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ហើយ​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា អស់​ពី​ទឹក​ដី​យូដា។

7 នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូសា‌ផាត ស្ដេច​បាន​ចាត់​មន្ត្រី​មួយ​ក្រុម គឺ​មាន​លោក​បេន-‌ហែល លោក​អូបា‌ឌា លោក​សាកា‌រី លោក​នេថា‌នេល និង​លោក​មីកា‌យ៉ា ឲ្យ​ចុះ​ទៅ​អប់រំ​ប្រជា‌ជន​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា។

8 ក្រុម​លេវី​ដែល​មាន​លោក​សេម៉ាយ៉ា លោក​នេថា‌នា លោក​សេបា‌ឌា លោក​អេសា‌អែល លោក​សេមី‌រ៉ាម៉ុត លោក​យ៉ូណា‌ថាន លោក​អដូ‌នីយ៉ា លោក​ថូប៊ី‌យ៉ា លោក​ថូប-‌អដូ‌នីយ៉ា ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ ដែល​មាន​លោក​អេលី‌សាម៉ា និង​លោក​យ៉ូរ៉ាម ក៏​រួម​ដំណើរ​ជា​មួយ​មន្ត្រី​ទាំង​នោះ​ដែរ។

9 ពួក​គេ​បង្រៀន​ប្រជា‌ជន​នៅ​ស្រុក​យូដា ដោយ​យក​ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌អម្ចាស់ ទៅ​ជា​មួយ​ផង។ ពួក​គេ​ធ្វើ​ដំណើរ​តាម​ក្រុង​ទាំង​អស់​នៃ​ស្រុក​យូដា ហើយ​ប្រៀន‌ប្រដៅ​អ្នក​ស្រុក។