២ របាក្សត្រ 17:7-13 KHSV

7 នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូសា‌ផាត ស្ដេច​បាន​ចាត់​មន្ត្រី​មួយ​ក្រុម គឺ​មាន​លោក​បេន-‌ហែល លោក​អូបា‌ឌា លោក​សាកា‌រី លោក​នេថា‌នេល និង​លោក​មីកា‌យ៉ា ឲ្យ​ចុះ​ទៅ​អប់រំ​ប្រជា‌ជន​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា។

8 ក្រុម​លេវី​ដែល​មាន​លោក​សេម៉ាយ៉ា លោក​នេថា‌នា លោក​សេបា‌ឌា លោក​អេសា‌អែល លោក​សេមី‌រ៉ាម៉ុត លោក​យ៉ូណា‌ថាន លោក​អដូ‌នីយ៉ា លោក​ថូប៊ី‌យ៉ា លោក​ថូប-‌អដូ‌នីយ៉ា ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ ដែល​មាន​លោក​អេលី‌សាម៉ា និង​លោក​យ៉ូរ៉ាម ក៏​រួម​ដំណើរ​ជា​មួយ​មន្ត្រី​ទាំង​នោះ​ដែរ។

9 ពួក​គេ​បង្រៀន​ប្រជា‌ជន​នៅ​ស្រុក​យូដា ដោយ​យក​ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌អម្ចាស់ ទៅ​ជា​មួយ​ផង។ ពួក​គេ​ធ្វើ​ដំណើរ​តាម​ក្រុង​ទាំង​អស់​នៃ​ស្រុក​យូដា ហើយ​ប្រៀន‌ប្រដៅ​អ្នក​ស្រុក។

10 ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ​ស្រុក​យូដា ភ័យ​ខ្លាច​ជា​ខ្លាំង ពួក​គេ​មិន​ហ៊ាន​ធ្វើ​សង្គ្រាម​តទល់​នឹង​ព្រះ‌បាទ​យ៉ូសា‌ផាត​ឡើយ។

11 ជន‌ជាតិ​ភីលីស្ទីន​នាំ​យក​តង្វាយ និង​សួយសារ‌អាករ ជា​ប្រាក់​មក​ថ្វាយ​ព្រះ‌បាទ​យ៉ូសា‌ផាត។ ជន‌ជាតិ​អារ៉ាប់​ក៏​នាំ​យក​ចៀម​ឈ្មោល ៧ ៧០០ ក្បាល និង​ពពែ​ឈ្មោល ៧ ៧០០ ក្បាល មក​ថ្វាយ​ស្ដេច​ដែរ។

12 ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។ ស្ដេច​សង់​បន្ទាយ​ជា​ច្រើន​នៅ​ស្រុក​យូដា ព្រម​ទាំង​សង់​ក្រុង​នានា ជា​កន្លែង​សម្រាប់​ផ្ទុក​ស្បៀង។

13 ស្ដេច​មាន​ក្រសួង​ការ‌ងារ​ជា​ច្រើន នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ព្រម​ទាំង​មាន​ទាហាន​ដ៏​ចំណានៗ និង​វីរ‌បុរស​ដ៏​អង់‌អាច​នៅ​ក្រុង​យេរូ‌សាឡឹម។