1 ព្រះបាទយ៉ូសាផាតមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្ដេចបានចងស្ពានមេត្រីនឹងព្រះបាទអហាប់ តាមចំណងអាពាហ៍ពិពាហ៍។
2 ប៉ុន្មានឆ្នាំក្រោយមក ព្រះបាទយ៉ូសាផាតយាងទៅសួរសុខទុក្ខព្រះបាទអហាប់ នៅក្រុងសាម៉ារី។ ពេលនោះ ព្រះបាទអហាប់រៀបចំចៀម និងគោមួយចំនួនធំ ដើម្បីទទួលព្រះបាទយ៉ូសាផាត និងអស់អ្នកដែលអមដំណើរស្ដេច។ ព្រះបាទអហាប់ក៏បានបបួលព្រះបាទយ៉ូសាផាត ឡើងទៅវាយយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។
3 ព្រះបាទអហាប់ ជាស្ដេចស្រុកអ៊ីស្រាអែល មានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «តើព្រះករុណាសព្វព្រះហឫទ័យយាងទៅក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយទូលបង្គំឬទេ?»។ ព្រះបាទយ៉ូសាផាតតបវិញថា៖ «ទូលបង្គំក៏ដូចព្រះករុណា ប្រជារាស្ត្ររបស់ទូលបង្គំក៏ដូចជាប្រជារាស្ត្ររបស់ព្រះករុណា យើងនឹងទៅច្បាំងរួមជាមួយព្រះករុណាដែរ!»។
4 ព្រះបាទយ៉ូសាផាតទូលទៀតថា៖ «ឥឡូវនេះ សូមព្រះករុណាទូលសួរព្រះអម្ចាស់សិន»។
5 ស្ដេចអ៊ីស្រាអែលកោះហៅព្យាការីចំនួនបួនរយនាក់មក ហើយសួរពួកគេថា៖ «តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេទូលថា៖ «សូមព្រះករុណាយាងទៅចុះ ព្រះជាម្ចាស់នឹងប្រគល់ក្រុងនោះ មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាមិនខាន»។
6 ព្រះបាទយ៉ូសាផាតមានរាជឱង្ការសួរថា៖ «តើនៅទីនេះគ្មានព្យាការីរបស់ព្រះអម្ចាស់ ដែលយើងអាចទូលសួរព្រះអង្គទេឬ?»។