1 ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា វិលមកដល់រាជដំណាក់ នៅក្រុងយេរូសាឡឹមវិញ ដោយសុខសាន្ត។
2 លោកយេហ៊ូវដែលត្រូវជាកូនរបស់លោកហាណានី ជាគ្រូទាយ បានចេញមកជួបព្រះបាទយ៉ូសាផាត ទូលស្ដេចថា៖ «ហេតុដូចម្ដេចបានជាព្រះករុណាជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់ព្រះអម្ចាស់ដូច្នេះ? ដោយព្រះករុណាប្រព្រឹត្តបែបនេះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះករុណា។
3 ប៉ុន្តែ ព្រះករុណាបានប្រព្រឹត្តអំពើល្អមួយចំនួនដែរ គឺព្រះករុណាបានលុបបំបាត់បង្គោលរបស់ព្រះអាសេរ៉ាអស់ពីក្នុងស្រុក ហើយព្រះករុណាស្វែងរកព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត»។
4 ព្រះបាទយ៉ូសាផាតគង់នៅក្រុងយេរូសាឡឹម។ បន្ទាប់មក ស្ដេចយាងទៅសួរសុខទុក្ខប្រជារាស្ត្រតាំងពីបៀរសេបាហូតដល់តំបន់ភ្នំអេប្រាអ៊ីម ដើម្បីណែនាំពួកគេឲ្យវិលមករកព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួនវិញ។
5 ស្ដេចបានតែងតាំងឲ្យមានចៅក្រម នៅគ្រប់ក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។
6 ស្ដេចមានរាជឱង្ការទៅកាន់ចៅក្រមទាំងនោះថា៖ «ចូរប្រុងប្រយ័ត្ននឹងកិច្ចការដែលអស់លោកធ្វើ ដ្បិតអស់លោកកាត់ក្ដី មិនមែនតាមបែបមនុស្សលោកទេ គឺតាមព្រះអម្ចាស់វិញ ព្រះអង្គនឹងគង់នៅជាមួយអស់លោកក្នុងពេលដែលអស់លោកកាត់ក្ដី។
7 ឥឡូវនេះ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ហើយប្រុងប្រយ័ត្នចំពោះរបៀបដែលអស់លោកប្រព្រឹត្ត ដ្បិតព្រះអម្ចាស់ជាព្រះនៃយើងមិនចេះគៃបន្លំ ព្រះអង្គមិនរើសមុខនរណា ឬក៏ទទួលសំណូកឡើយ»។