11 ព្រះបាទហ៊ីរ៉ាម ជាស្ដេចស្រុកទីរ៉ុស ផ្ញើសារមួយឆ្លើយទៅព្រះបាទសាឡូម៉ូនវិញថា៖ «ព្រះអម្ចាស់ពិតជាស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គ បានជាព្រះអង្គតែងតាំងព្រះករុណាឲ្យឡើងគ្រងរាជ្យលើពួកគេ»។
12 ព្រះបាទហ៊ីរ៉ាមមានរាជឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ហើយប្រោសប្រទានឲ្យព្រះបាទដាវីឌមានបុត្រមួយអង្គ ប្រកបដោយតម្រិះប្រាជ្ញាឈ្លាសវៃ អាចសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ និងរាជវាំងសម្រាប់ព្រះករុណាផ្ទាល់។
13 ឥឡូវនេះ ទូលបង្គំសូមចាត់ជាងដ៏ជំនាញម្នាក់ ដែលមានប្រាជ្ញាឈ្លាសវៃ គឺលោកហ៊ីរ៉ាម
14 ជាកូនរបស់ស្ត្រីម្នាក់ក្នុងកុលសម្ព័ន្ធដាន់ ហើយឪពុកជាអ្នកក្រុងទីរ៉ុស។ គាត់ស្ទាត់ជំនាញក្នុងការសិតមាស ប្រាក់ លង្ហិន ដែក ឆ្លាក់ថ្ម ឈើ ជ្រលក់ក្រណាត់ ពណ៌ក្រហម ខៀវ ស្វាយ និងក្រណាត់ទេសឯកម៉ដ្ដ ព្រមទាំងចេះឆ្លាក់ក្បាច់គ្រប់ប្រភេទ និងចេះផលិតវត្ថុគ្រប់ប្រភេទ តាមគម្រោងដែលគេប្រគល់ឲ្យ។ គាត់នឹងធ្វើការរួមជាមួយជាងដ៏ជំនាញរបស់ព្រះករុណា និងជាងដ៏ជំនាញរបស់ព្រះបាទដាវីឌជាម្ចាស់ ដែលជាបិតារបស់ព្រះករុណា។
15 ឥឡូវនេះ សូមព្រះករុណាផ្ដល់ស្រូវ ពោត ប្រេងឆា និងស្រាទំពាំងបាយជូរ ដូចព្រះករុណាមានរាជឱង្ការចុះ!
16 ពួកទូលបង្គំនឹងកាប់ឈើនៅភ្នំលីបង់ តាមសេចក្ដីត្រូវការរបស់ព្រះករុណា ហើយបណ្តែតជាក្បូនតាមសមុទ្រ រហូតដល់ក្រុងយ៉ុបប៉េថ្វាយព្រះករុណា រួចព្រះករុណាដឹកយកឈើទាំងនោះទៅក្រុងយេរូសាឡឹមចុះ»។
17 ព្រះបាទសាឡូម៉ូនរាប់ចំនួនជនបរទេសទាំងអស់ ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល តាមបញ្ជីជំរឿនរបស់ព្រះបាទដាវីឌ ជាបិតា ឃើញមាន ១៥៣ ៦០០ នាក់។