1 ក្រោយមកទៀត ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន រួមជាមួយអ្នកស្រុកម៉ាអូន បានលើកគ្នាមកវាយព្រះបាទយ៉ូសាផាត។
2 មានគេមកទូលព្រះបាទយ៉ូសាផាតថា៖ «កងទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ គឺពីស្រុកអេដុម មកវាយព្រះករុណា។ ឥឡូវនេះ ពួកគេមកដល់ហាសាសូន-តាម៉ារ គឺនៅអេនកេឌី»។
3 ព្រះបាទយ៉ូសាផាតភ័យខ្លាចជាខ្លាំង ទ្រង់ក៏សម្រេចចិត្តទូលសួរព្រះអម្ចាស់ ហើយប្រកាសឲ្យអ្នកស្រុកយូដាទាំងមូលតមអាហារ។
4 អ្នកស្រុកយូដាជួបជុំគ្នាស្វែងរកព្រះអម្ចាស់ ពួកគេធ្វើដំណើរមកពីគ្រប់ទីក្រុងនៃស្រុកយូដា ដើម្បីស្វែងរកព្រះអម្ចាស់។
5 ព្រះបាទយ៉ូសាផាតឈរនៅកណ្ដាលចំណោមអង្គប្រជុំរបស់ជនជាតិយូដា និងអ្នកក្រុងយេរូសាឡឹម ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ខាងមុខព្រលានថ្មី។
6 ស្ដេចមានរាជឱង្ការថា៖«បពិត្រព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអង្គគង់នៅស្ថានបរមសុខ ព្រះអង្គគ្រប់គ្រងលើនគរទាំងអស់នៃប្រជាជាតិនានា។ ព្រះអង្គប្រកបដោយព្រះចេស្ដា និងឫទ្ធានុភាព គ្មាននរណាអាចតទល់នឹងព្រះអង្គបានឡើយ!