11 ប៉ុន្តែ ជនជាតិទាំងនោះបែរជាសងគុណយើងខ្ញុំ ដោយលើកគ្នាមកដេញយើងខ្ញុំចេញពីទឹកដី ដែលព្រះអង្គប្រទានមកឲ្យយើងខ្ញុំធ្វើជាកម្មសិទ្ធិ។
12 ឱព្រះនៃយើងខ្ញុំអើយ ម្ដេចក៏ព្រះអង្គមិនដាក់ទោសពួកគេ? យើងខ្ញុំគ្មានកម្លាំងតទល់នឹងកងទ័ពយ៉ាងធំ ដែលកំពុងតែលើកគ្នាមកវាយយើងខ្ញុំនេះទេ។ យើងខ្ញុំពុំដឹងជាត្រូវធ្វើយ៉ាងណា ក្រៅពីសម្លឹងទៅរកព្រះអង្គប៉ុណ្ណោះ»។
13 អ្នកស្រុកយូដាទាំងមូលឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដោយមានប្រពន្ធកូន និងទារក នៅជាមួយដែរ។
14 ពេលនោះ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ យាងមកក្នុងចំណោមអង្គប្រជុំ ដោយសណ្ឋិតលើលោកយ៉ាហាសៀល ក្នុងក្រុមលេវី គាត់ត្រូវជាកូនរបស់លោកសាការី ជាចៅរបស់លោកបេនណាយ៉ា ជាចៅទួតរបស់លោកយីអែល និងជាចៅលួតរបស់លោកម៉ាថានា ដែលជាពូជពង្សរបស់លោកអេសាភ។
15 លោកយ៉ាហាសៀលប្រកាសថា៖ «បពិត្រព្រះករុណាយ៉ូសាផាត ព្រមទាំងអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម សូមត្រងត្រាប់ស្ដាប់! ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណា និងបងប្អូនដូចតទៅ: ចូរកុំភ័យខ្លាច និងតក់ស្លុត នៅចំពោះមុខកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះឡើយ ដ្បិតការប្រយុទ្ធមិនមែនសម្រេចលើអ្នករាល់គ្នាទេ តែសម្រេចនៅលើព្រះជាម្ចាស់។
16 ស្អែក ចូរនាំគ្នាចុះទៅតទល់នឹងពួកគេ ព្រោះពួកគេនឹងឡើងមកតាមផ្លូវស៊ីស។ អ្នករាល់គ្នានឹងជួបពួកគេនៅខាងចុងជ្រោះ ដែលបែរទៅរកវាលរហោស្ថានយេរួល។
17 អ្នករាល់គ្នាមិនត្រូវការប្រយុទ្ធជាមួយពួកគេឡើយ គឺគ្រាន់តែឈរនៅទីនោះ ហើយអ្នករាល់គ្នានឹងឃើញព្រះអម្ចាស់ប្រទានជ័យជំនះដល់អ្នករាល់គ្នា។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ កុំភ័យខ្លាច និងតក់ស្លុតឲ្យសោះ ស្អែក ចូរចេញទៅតទល់នឹងពួកគេចុះ ព្រះអម្ចាស់នឹងគង់ជាមួយអ្នករាល់គ្នា!»។