២ របាក្សត្រ 20:25-31 KHSV

25 ព្រះ‌បាទ​យ៉ូសា‌ផាត និង​ប្រជា‌ជន​របស់​ស្ដេច នាំ​គ្នា​រឹប​អូស​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ គេ​ឃើញ​មាន​ហ្វូង​សត្វ សម្លៀក‌បំពាក់ ព្រម​ទាំង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន ដែល​នៅ​ជាប់​នឹង​សាក‌សព។ ដោយ​ជយ‌ភ័ណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក ទោះ​បី​គេ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ក៏​នៅ​តែ​ប្រមូល​មិន​អស់​ដែរ។

26 នៅ​ថ្ងៃ​ទី​បួន ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​បេរ៉ា‌កា ហើយ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ា‌កា រហូត​ដល់​សព្វ​ថ្ងៃ។

27 អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ​យ៉ាង​សប្បាយ ដោយ​មាន​ព្រះ‌បាទ​យ៉ូសា‌ផាត​យាង​នាំ​មុខ​ពួក​គេ។ ព្រះ‌អម្ចាស់​ប្រទាន​អំណរ​ដ៏​លើស‌លប់​ដល់​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បរា‌ជ័យ។

28 ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម តាម​ចង្វាក់​ឃឹម ពិណ និង​ត្រែ រហូត​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

29 ពេល​នគរ​ឯ​ទៀតៗ​ទាំង​អស់​ឮ​ដំណឹង​ថា ព្រះ‌អម្ចាស់​បាន​វាយ​ប្រហារ​ខ្មាំង​សត្រូវ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

30 រាជ្យ​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​សុខ​ក្សេម‌ក្សាន្ត ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ស្ដេច​មាន​សន្តិ‌ភាព នៅ​គ្រប់​ទិស‌ទី។

31 ព្រះ‌បាទ​យ៉ូសា‌ផាត​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ពេល​ដែល​ទ្រង់​មាន​ជន្មាយុ​សាម‌សិប​ប្រាំ​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។