29 ពេលនគរឯទៀតៗទាំងអស់ឮដំណឹងថា ព្រះអម្ចាស់បានវាយប្រហារខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រាអែល ពួកគេភ័យខ្លាចជាខ្លាំង។
30 រាជ្យរបស់ព្រះបាទយ៉ូសាផាតបានសុខក្សេមក្សាន្ត ដ្បិតព្រះជាម្ចាស់ប្រទានឲ្យស្ដេចមានសន្តិភាព នៅគ្រប់ទិសទី។
31 ព្រះបាទយ៉ូសាផាតឡើងគ្រងរាជ្យលើស្រុកយូដា ក្នុងពេលដែលទ្រង់មានជន្មាយុសាមសិបប្រាំព្រះវស្សា ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថាអស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។
32 ព្រះបាទយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះបាទអេសា ជាបិតា ដោយឥតងាករេឡើយ។ ស្ដេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
33 ប៉ុន្តែ ស្ដេចពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជនពុំជំពាក់ចិត្តទាំងស្រុងលើព្រះនៃបុព្វបុរសខ្លួនឡើយ។
34 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូសាផាត តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកយេហ៊ូវ ជាកូនរបស់លោកហាណានី ដែលគេបញ្ចូលទៅក្នុងក្រាំងរបស់ស្ដេចស្រុកអ៊ីស្រាអែល។
35 មួយវិញទៀត ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា បានរួមសហការជាមួយព្រះបាទអហាស៊ីយ៉ា ស្ដេចស្រុកអ៊ីស្រាអែល ជាស្ដេចប្រព្រឹត្តអំពើអាក្រក់។