1 កាលព្រះបាទយ៉ូសាផាតសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទយ៉ូរ៉ាម ជាបុត្រ បានឡើងស្នងរាជ្យ។
2 ព្រះបាទយ៉ូរ៉ាមមានអនុជដូចតទៅ គឺសម្ដេចអសារា យេហ៊ីអែល សាការី អសារា មីកែល និងសេផាធា ហើយទាំងអស់គ្នាសុទ្ធតែជាបុត្ររបស់ព្រះបាទយ៉ូសាផាត ស្ដេចអ៊ីស្រាអែល។
3 ព្រះបាទយ៉ូសាផាត ជាបិតា បានចែកអំណោយជាមាសជាប្រាក់យ៉ាងច្រើនឲ្យបុត្រឯទៀតៗ ព្រមទាំងប្រគល់ក្រុងនានាដែលមានកំពែងរឹងមាំ ក្នុងស្រុកយូដា ឲ្យបុត្រទាំងនោះកាន់កាប់ទៀតផង តែស្ដេចប្រគល់រាជសម្បត្តិឲ្យព្រះបាទយ៉ូរ៉ាម ព្រោះជាបុត្រច្បង។
4 កាលព្រះបាទយ៉ូរ៉ាមឡើងស្នងរាជ្យបិតា និងពង្រឹងអំណាចបានហើយ ស្ដេចធ្វើគុតអនុជទាំងអស់ដោយមុខដាវ ព្រមទាំងសម្លាប់មេដឹកនាំមួយចំនួនរបស់ជនជាតិអ៊ីស្រាអែលទៀតផង។
5 នៅពេលឡើងសោយរាជ្យ ព្រះបាទយ៉ូរ៉ាមមានជន្មាយុសាមសិបពីរព្រះវស្សា។ ស្ដេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។