10 តាំងពីពេលនោះមក ជនជាតិអេដុមបានរំដោះខ្លួនពីការត្រួតត្រារបស់ជនជាតិយូដា រហូតមកដល់សព្វថ្ងៃ។ នៅគ្រានោះ ក្រុងលីបណាក៏បះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះបាទយ៉ូរ៉ាមដែរ ព្រោះស្ដេចបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។
11 ព្រះបាទយ៉ូរ៉ាមបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ លើភ្នំទាំងឡាយក្នុងស្រុកយូដា។ ស្ដេចជំរុញអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុក ឲ្យគោរពព្រះដទៃ។
12 ស្ដេចបានទទួលលិខិតមួយច្បាប់ពីព្យាការីអេលីយ៉ា ដែលមានសេចក្ដីដូចតទៅ “ព្រះអម្ចាស់ ជាព្រះរបស់ព្រះបាទដាវីឌ ជាអយ្យកោរបស់ព្រះករុណាមានព្រះបន្ទូលថា ព្រះករុណាពុំបានដើរតាមមាគ៌ារបស់ព្រះបាទយ៉ូសាផាត ជាបិតារបស់ព្រះករុណាទេ ហើយព្រះករុណាក៏មិនដើរតាមមាគ៌ារបស់ព្រះបាទអេសា ជាស្ដេចស្រុកយូដាដែរ។
13 ផ្ទុយទៅវិញ ព្រះករុណាដើរតាមផ្លូវរបស់ស្ដេចទាំងឡាយនៃស្រុកអ៊ីស្រាអែល ព្រះករុណាទាក់ទាញអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យគោរពព្រះដទៃ ដូចរាជវង្សរបស់ស្ដេចអហាប់បានប្រព្រឹត្ត ហើយព្រះករុណាបានសម្លាប់ប្អូនបង្កើតរបស់ព្រះករុណា ដែលសុទ្ធតែជាមនុស្សប្រសើរជាងព្រះករុណាដែរ។
14 ហេតុនេះព្រះអម្ចាស់នឹងប្រហារប្រជារាស្ត្រ ព្រមទាំងបុត្រា មហេសី និងទ្រព្យសម្បត្តិរបស់ព្រះករុណា ដោយគ្រោះកាចដ៏សាហាវ។
15 រីឯព្រះករុណាវិញ ព្រះជាម្ចាស់នឹងធ្វើឲ្យព្រះករុណាមានជំងឺជាទម្ងន់ គឺព្រះករុណានឹងមានរោគពោះវៀន ដែលបណ្ដាលឲ្យព្រះករុណាឈឺចាប់កាន់តែខ្លាំងឡើងៗ ជារៀងរាល់ថ្ងៃ រហូតដល់ពោះវៀនធ្លាយចេញមក”។
16 ព្រះអម្ចាស់បានជំរុញជនជាតិភីលីស្ទីន និងជនជាតិអារ៉ាប់ ដែលរស់នៅក្បែរជនជាតិអេត្យូពី ឲ្យមានគំនិតប្រឆាំងនឹងព្រះបាទយ៉ូរ៉ាម។