16 ព្រះអម្ចាស់បានជំរុញជនជាតិភីលីស្ទីន និងជនជាតិអារ៉ាប់ ដែលរស់នៅក្បែរជនជាតិអេត្យូពី ឲ្យមានគំនិតប្រឆាំងនឹងព្រះបាទយ៉ូរ៉ាម។
17 អ្នកទាំងនោះលើកគ្នាចូលមករាតត្បាតស្រុកយូដា និងរឹបអូសយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលមាននៅក្នុងវាំងស្ដេច ព្រមទាំងចាប់បុត្រ និងមហេសីរបស់ស្ដេច នាំយកទៅជាមួយផង គឺនៅសល់តែសម្ដេចអហាស៊ីយ៉ាមួយអង្គគត់ ដែលក្មេងជាងគេ។
18 បន្ទាប់មក ព្រះអម្ចាស់ប្រហារស្ដេចដោយជំងឺពោះវៀន ដែលពុំអាចព្យាបាលឲ្យជាបានឡើយ។
19 ជំងឺនោះកាន់តែធ្ងន់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃនោះ។ ប្រមាណជាពីរឆ្នាំក្រោយមក ពោះវៀនរបស់ស្ដេចយ៉ូរ៉ាមក៏ធ្លាយចេញពីរូបកាយ ហើយស្ដេចសោយទិវង្គត ដោយឈឺចាប់បំផុត។ ប្រជាជនពុំបានធ្វើពិធីថ្វាយព្រះភ្លើងចំពោះស្ដេច ដូចគេបានធ្វើចំពោះអយ្យកោរបស់ស្ដេចឡើយ។
20 ព្រះបាទយ៉ូរ៉ាមឡើងសោយរាជ្យ នៅពេលមានជន្មាយុសាមសិបពីរព្រះវស្សា។ ស្ដេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ពេលស្ដេចសោយទិវង្គត គ្មាននរណាសោកស្ដាយទេ។ គេបញ្ចុះសពនៅបុរីព្រះបាទដាវីឌ តែមិនតម្កល់នៅក្នុងផ្នូរដែលគេបម្រុងទុកសម្រាប់ព្រះមហាក្សត្រឡើយ។