3 ព្រះបាទយ៉ូសាផាត ជាបិតា បានចែកអំណោយជាមាសជាប្រាក់យ៉ាងច្រើនឲ្យបុត្រឯទៀតៗ ព្រមទាំងប្រគល់ក្រុងនានាដែលមានកំពែងរឹងមាំ ក្នុងស្រុកយូដា ឲ្យបុត្រទាំងនោះកាន់កាប់ទៀតផង តែស្ដេចប្រគល់រាជសម្បត្តិឲ្យព្រះបាទយ៉ូរ៉ាម ព្រោះជាបុត្រច្បង។
4 កាលព្រះបាទយ៉ូរ៉ាមឡើងស្នងរាជ្យបិតា និងពង្រឹងអំណាចបានហើយ ស្ដេចធ្វើគុតអនុជទាំងអស់ដោយមុខដាវ ព្រមទាំងសម្លាប់មេដឹកនាំមួយចំនួនរបស់ជនជាតិអ៊ីស្រាអែលទៀតផង។
5 នៅពេលឡើងសោយរាជ្យ ព្រះបាទយ៉ូរ៉ាមមានជន្មាយុសាមសិបពីរព្រះវស្សា។ ស្ដេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។
6 ស្ដេចដើរតាមមាគ៌ារបស់ស្ដេចទាំងឡាយនៅស្រុកអ៊ីស្រាអែល និងប្រព្រឹត្តដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ព្រោះស្ដេចបានរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទអហាប់ ហើយស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។
7 ប៉ុន្តែ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងលុបបំបាត់រាជវង្សរបស់ព្រះបាទដាវីឌទេ ព្រោះយល់ដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយព្រះបាទដាវីឌ ហើយព្រះអង្គក៏បានសន្យាថានឹងប្រោសប្រទានឲ្យពូជពង្សរបស់ព្រះបាទដាវីឌ ឡើងសោយរាជ្យរហូតតទៅ។
8 ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្ដេចមួយអង្គ ឲ្យឡើងគ្រងរាជ្យលើពួកគេ។
9 ពេលនោះ ព្រះបាទយ៉ូរ៉ាមយាងចេញទៅ ដោយមានពួកមេទ័ព និងរទេះចំបាំងទាំងអស់ទៅជាមួយផង។ កងទ័ពអេដុមបានឡោមព័ទ្ធស្ដេច និងពួកមេបញ្ជាការកងរទេះចំបាំង។ ស្ដេចក៏តើនឡើងនៅពេលយប់ ហើយវាយបើកផ្លូវ។