២ របាក្សត្រ 21:8-14 KHSV

8 ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជន‌ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្ដេច​មួយ​អង្គ ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។

9 ពេល​នោះ ព្រះ‌បាទ​យ៉ូរ៉ាម​យាង​ចេញ​ទៅ ដោយ​មាន​ពួក​មេ‌ទ័ព និង​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កង‌ទ័ព​អេដុម​បាន​ឡោម‌ព័ទ្ធ​ស្ដេច និង​ពួក​មេ​បញ្ជា‌ការ​កង​រទេះ​ចំបាំង។ ស្ដេច​ក៏​តើន​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ។

10 តាំង​ពី​ពេល​នោះ​មក ជន‌ជាតិ​អេដុម​បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីប‌ណា​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ការ​គ្រប់‌គ្រង​របស់​ព្រះ‌បាទ​យ៉ូរ៉ាម​ដែរ ព្រោះ​ស្ដេច​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។

11 ព្រះ‌បាទ​យ៉ូរ៉ាម​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ លើ​ភ្នំ​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា។ ស្ដេច​ជំរុញ​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក ឲ្យ​គោរព​ព្រះ​ដទៃ។

12 ស្ដេច​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​ព្យាកា‌រី​អេលីយ៉ា ដែល​មាន​សេចក្ដី​ដូច​ត​ទៅ “ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ​របស់​ព្រះ‌ករុណា​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌ករុណា​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បិតា​របស់​ព្រះ‌ករុណា​ទេ ហើយ​ព្រះ‌ករុណា​ក៏​មិន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​អេ‌សា ជា​ស្ដេច​ស្រុក​យូដា​ដែរ។

13 ផ្ទុយ​ទៅ​វិញ ព្រះ‌ករុណា​ដើរ​តាម​ផ្លូវ​របស់​ស្ដេច​ទាំង‌ឡាយ​នៃ​ស្រុក​អ៊ីស្រា‌អែល ព្រះ‌ករុណា​ទាក់‌ទាញ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​គោរព​ព្រះ​ដទៃ ដូច​រាជ‌វង្ស​របស់​ស្ដេច​អហាប់​បាន​ប្រព្រឹត្ត ហើយ​ព្រះ‌ករុណា​បាន​សម្លាប់​ប្អូន​បង្កើត​របស់​ព្រះ‌ករុណា ដែល​សុទ្ធ​តែ​ជា​មនុស្ស​ប្រសើរ​ជាង​ព្រះ‌ករុណា​ដែរ។

14 ហេតុ​នេះ​ព្រះ‌អម្ចាស់​នឹង​ប្រហារ​ប្រជា‌រាស្ត្រ ព្រម​ទាំង​បុត្រា មហេសី និង​ទ្រព្យ​សម្បត្តិ​របស់​ព្រះ‌ករុណា ដោយ​គ្រោះ​កាច​ដ៏​សាហាវ។