២ របាក្សត្រ 22:1-7 KHSV

1 ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​លើក​សម្ដេច​អហា‌ស៊ីយ៉ា ជា​បុត្រ​ពៅ​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ឲ្យ​ឡើង​ស្នង​រាជ្យ​បិតា ដ្បិត​បុត្រ​បងៗ​ត្រូវ​ជន‌ជាតិ​អារ៉ាប់​សម្លាប់​អស់ នៅ​ពេល​ពួក​គេ​មក​លុក‌លុយ​ស្រុក។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។

2 ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ឡើង​សោយ​រាជ្យ​ក្នុង​ជន្មាយុ​ម្ភៃ​ព្រះ‌វស្សា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អថា‌លា ជា​ចៅ​របស់​ព្រះ‌បាទ​អូមរី។

3 ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ក៏​បាន​ដើរ​តាម​ផ្លូវ​របស់​រាជ‌វង្ស​ព្រះ‌បាទ​អហាប់​ដែរ ដ្បិត​មាតា​ជួយ​គំនិត​ស្ដេច​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។

4 ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​អហាប់​ដែរ ដ្បិត​ក្រោយ​ពេល​បិតា​សោយ​ទិវង្គត រាជ‌វង្ស​របស់​ព្រះ‌បាទ​អហាប់​ជួយ​គំនិត​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ដែល​ជំរុញ​ឲ្យ​ស្ដេច​ត្រូវ​វិនាស។

5 ស្ដេច​ធ្វើ​តាម​យោបល់​របស់​ពួក​គេ ហើយ​ចូល​ដៃ​ជា​មួយ​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ ស្ដេច​ស្រុក​អ៊ីស្រា‌អែល ចេញ​ទៅ​ច្បាំង​នឹង​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ពេល​នោះ កង‌ទ័ព​ស៊ីរី​វាយ​ព្រះ‌បាទ​យ៉ូរ៉ាម​របួស។

6 ព្រះ‌បាទ​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេសរាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ នៅ​ក្រុង​រ៉ាម៉ា ក្នុង​ពេល​ស្ដេច​ប្រយុទ្ធ​ជា​មួយ​ព្រះ‌បាទ​ហា‌សែល ស្ដេច​ស្រុក​ស៊ីរី។ ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​ព្រះ‌បាទ​យ៉ូរ៉ាម ស្ដេច​ស្រុក​យូដា យាង​ចុះ​ទៅ​ក្រុង​យីស‌រាល សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​អហាប់​ដែល​កំពុង​តែ​ប្រឈួន​យ៉ាង​ខ្លាំង។

7 ព្រះ‌បាទ​អហា‌ស៊ីយ៉ា​យាង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម​ដូច្នេះ មក​ពី​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​វិនាស។ ពេល​ទៅ​ដល់ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​យាង​ទៅ​ជា​មួយ​ព្រះ‌បាទ​យ៉ូរ៉ាម ដើម្បី​ជួប​នឹង​លោក​យេ‌ហ៊ូវ ជា​កូន​របស់​លោក​នីម‌ស៊ី។ មុន​នោះ ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​លោក​យេ‌ហ៊ូវ​ជា​ស្ដេច ដើម្បី​ឲ្យ​លោក​រំលាយ​រាជ‌វង្ស​ព្រះ‌បាទ​អហាប់។